ក្រុមហ៊ុនមូលបត្រ ភីភី លីង សហការរៀបចំសិក្ខាសាលាការងារ ដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជា
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិនិយោគហិរញ្ញវត្ថុយ៉ាងទូលំទូលាយនៅកម្ពុជា និង ក្រុមហ៊ុន PropNex Cambodia Prominent ដែលជាក្រុមហ៊ុនអចលនទ្រព្យទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី បានសហការរៀបចំសិក្ខាសាលាការងារមួយយ៉ាងជោគជ័យនៅ Factory Phnom Penh។
គោលបំណងសំខាន់នៃការបង្កើតសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ឱកាសការងារឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតម្រង់ទិសបេក្ខជនសក្តានុពល ក្នុងការចាប់យកឱកាសការងារឱ្យបានត្រឹមត្រូវ ជាមួយនឹងទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍវិថីការងារ។
គួររម្លឹកផងដែរថា មុននឹងបង្កើតសិក្ខាសាលាការងារនេះឡើង ក្រុមហ៊ុនមូលបត្រ ភីភី លីង បានសម្រេចនូវសិក្ខាសាលាសម្រាប់គោលបំណងដូចគ្នានេះជាច្រើនលើករួចមកហើយ។ ទាំងអស់នោះរួមមាន៖ សិក្ខាសាលាការងារស្តីពី «ឱកាស និងការអភិវឌ្ឍវិថីការងារ» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ សិក្ខាសាលាស្ដីពី «ការតម្រង់ទិសធុរកិច្ច» ចំនួនពីរលើក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ និងសិក្ខាសាលាស្តីពី «ឱកាសវិនិយោគ» នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
សម្រាប់កម្មវិធីលើកនេះ មានវាគ្មិនជំនាញចំនួនបួនរូប ដែលបានធ្វើបទបង្ហាញ និងបានផ្ដល់ឱ្យ អ្នកចូលរួមទាំងអស់នូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងឱកាសការងារ ការពង្រឹងសមត្ថភាពការងារ និងការបង្កើតប្រាក់ចំណូលជាដើម។
ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង មានបេសកកម្មនាំយកក្រុមជំនាញអន្តជាតិ ប្រវត្តិនៃភាពជោគជ័យ ចំណេះដឹង និងបទពិសោធន៍ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃទីផ្សារហិរញ្ញវត្ថុ ផ្លាស់ប្តូរកម្រិតបរិបទនិងចក្ខុវិស័យនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុនៅកម្ពុជា បង្កើនការអភិវឌ្ឍធនធានមនុស្ស និងផ្តល់វេទិកាមួយសម្រាប់ការលើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ។
ក្នុងអំឡុងពេលនៃកម្មវិធី លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចែករំលែកនូវគតិបណ្ឌិត និងការជំរុញទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ លោកបានបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍នេះ គឺចង់ឱ្យបេក្ខជនដែលមានទេពកោសល្យទទួលបាននូវការយល់ដឹងអំពីទស្សនវិស័យការងារ បញ្ហាប្រឈម ការលើកទឹកចិត្ត និងការអភិវឌ្ឍអាជីពការងារ។
លោកបានបន្ថែមថា៖ «នេះគឺជាវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ហើយយើងមានមោទកភាពយ៉ាងខ្លាំងលើការផ្តល់ឱកាសដល់បេក្ខជនដែលមានសក្ដានុពលទាំងអស់ក្នុងការចាប់យកតំណែងដែលពួកគាត់អាចបង្ហាញសមត្ថភាពយ៉ាងស្វាហាប់»។
សិក្ខាសាលាការងារ បានបញ្ចប់ទៅដោយជោគជ័យ។ បន្ទាប់ពីបានសរសើរដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលទាំងអស់ដែលបានជួយធ្វើឱ្យសិក្ខាសាលានេះកើតឡើង ក្រុមហ៊ុនមូលបត្រ ភីភី លីង បានប្រកាសថា ក្រុមហ៊ុននឹងបន្តនាំយកនូវអ្វីៗដែលខ្លួនមាន ដើម្បីពង្រឹងធនធានមនុស្ស វិស័យការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។