ក្រុមហ៊ុនមូលបត្រ ភីភី លីង ពង្រឹងតួនាទី និងទំនួលខុសត្រូវលើសេវាទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន
នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងមកពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) សម្រាប់ការផ្ដល់វគ្គបណ្តុះបណ្តាលស្តីពី «កាតព្វកិច្ចរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុក្នុងដំណើរការនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ»។ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ និងសម្រួចជំនាញវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការផ្តល់សេវាកម្មទីប្រឹក្សាហិរញ្ញវត្ថុ។
ឯកឧត្ដម បណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ ទន្ទឹមនឹងនេះ លោក កន ខន្ដី ដែលជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្ដរជាតិ បានធ្វើបទបង្ហាញលើប្រធានបទ៖ «ទិដ្ឋភាពទូទៅនៃទីផ្សារមូលបត្រកម្ពុជា»។ បន្ទាប់មក កញ្ញា ពៅ ម៉ាឡែន ប្រធានការិយាល័យបោះផ្សាយមូលបត្រ និងឯកសារផ្ដល់ព័ត៌មាននៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានធ្វើបទបង្ហាញលើប្រធានបទ៖ «កិច្ចដំណើរការនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ» ហើយលោក ផាត់ សុជាតិ ប្រធានការិយាល័យសម្របសម្រួល និងអាជ្ញាបណ្ណនៃនាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រ បានធ្វើបទបង្ហាញលើប្រធានបទ៖ «តួនាទី និងកាតព្វកិច្ចរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ»។
ក្រុមហ៊ុនមូលបត្រ ភីភី លីង សូមកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ ន.ម.ក និងសូមថ្លែងអំណរគុណដល់វាគ្មិនផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការពន្លឿនវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា។