ក្រុមហ៊ុនមូលបត្រ ភីភី លីង អបអរសាទរក្រុមហ៊ុន សែលកាត និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សម្រាប់ការបិទបញ្ចប់យុទ្ធនាការលក់ភាគហ៊ុនក្នុងដំណាក់កាលដំបូង
ក្រុមហ៊ុនពីរដែលមានសក្តានុពលខ្លាំង និងមានភាពល្បីល្បាញនៅកម្ពុជា ទើបតែបានបិទបញ្ចប់យុទ្ធនាការលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ក្នុងដំណាក់កាលដំបូងរបស់ខ្លួនដោយជោគជ័យ ។ ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី (សែលកាត) ដែលជាប្រតិបត្តិករទូរគមនាគមន៍ដ៏លេចធ្លោរបស់កម្ពុជា បានបិទបញ្ចប់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ហើយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នអប់រំដ៏ល្បីឈ្មោះ បានបិទបញ្ចប់នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
នាពេលខាងមុខនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរ នឹងត្រូវបានចុះបញ្ជីនៅក្នុងប្រព័ន្ធជួញដូរនៃ ទីផ្សារមូលបត្រកម្ពុជា ដែលវិនិយោគិន និងអ្នកជួញដូរ អាចទិញ-លក់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរជាមួយតម្លៃទីផ្សារបន្ទាប់តាមរយៈកម្មវិធីជួញដូរ CSX Trade ។
ភាពជោគជ័យនេះ បានបន្ថែមនូវសមិទ្ធផលថ្មីសម្រាប់ទីផ្សារមូលបត្រនៅកម្ពុជា ដោយវាបានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសាធារណជនក្នុងការវិនិយោគភាគហ៊ុនក្នុងស្រុក និងការចាប់យកឱកាសដើម្បីធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់ខ្លួន។
ពីក្រុមហ៊ុនមូលបត្រ ភីភី លីង យើងសូមអបអរសាទរដល់ក្រុមហ៊ុនទាំងពីរចំពោះការសម្រេចបាននូវការលក់ភាគហ៊ុននៅដំណាក់កាលដំបូងដោយជោគជ័យ និងសូមជូនពរឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ដែលនឹងជួយបង្កើតប្រាក់ចំណេញសម្រាប់វិនិយោគិនទាំងអស់ដែលទើបតែទិញភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរ។
ជាមួយនឹងអាជ្ញាបណ្ណជាក្រុមហ៊ុនចែកចាយលក់មូលបត្រ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទកភាពក្នុងការចូលរួមលក់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរ ទៅកាន់វិនិយោគិនជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក។
សម្រាប់ភាពរីកចម្រើនជារួមនៃទីផ្សារមូលបត្រនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង នឹងបន្តប្ដេជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយទីផ្សារ វឌ្ឍនភាពនៃការវិនិយោគ និងការផ្ដល់សេវាកម្មល្អប្រសើរដល់អតិថិជន។