ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិព័រណ៍ iFX EXPO ASIA 2023 ដើម្បីបង្ហាញពីសក្ដានុពលនៃទីផ្សារហិរញ្ញវត្ថុកម្ពុជានៅលើឆាកអន្តរជាតិ
ជាការបន្ដចូលរួមអភិវឌ្ឍទីផ្សារវិនិយោគហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនមូលបត្រ ភីភី លីង តែងតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទ ដើម្បីទាញប្រយោជន៍សម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាសម្រាប់ភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុទាំងមូល។
បន្ទាប់ពីបានចូលរួមក្នុងពិព័រណ៍អន្ដរជាតិ iFX EXPO ASIA 2022 កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុងពិព័រណ៍អន្ដរជាតិ iFX EXPO ASIA 2023 ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាថ្មីម្តងទៀត ក្រុមហ៊ុនមូលបត្រ ភីភី លីង មានកិត្តិយសដែលបាននាំយកទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជាទៅកាន់ព្រឹត្តិការណ៍អន្ដរជាតិ។
តាមរយៈការចូលរួមក្នុងពិព័រណ៌ហិរញ្ញវត្ថុលំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចាប់ឱកាសដ៏ល្អមួយនេះ ដើម្បីបង្ហាញពីជំនាញវិជ្ជាជីវៈកំពូល និងវិសាលភាពសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដល់អ្នកជំនាញ ប្រតិបត្តិករអាជីវកម្មក្នុងវិស័យពាក់ព័ន្ធ និងឥស្សរជនកំពូលៗមកពីជុំវិញពិភពលោក។
សម្រាប់ iFX EXPO ASIA ក្នុងឆ្នាំ២០២៣ ដែលមានរយៈពេលបីថ្ងៃនេះ វាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលមានអ្នកចូលរួមរាប់ពាន់នាក់ និងមានក្រុមហ៊ុនជាច្រើនមកតាំងពិព័រណ៍ ។ បន្ថែមពីនេះ កម្មវិធីក៏មានវគ្គពិភាក្សាតុមូល និងការធ្វើបទបង្ហាញដោយវាគ្មិនកិត្ដិយសដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ និងភាពជោគជ័យក្នុងវិស័យហិរញ្ញវត្ថុ។ ដូច្នេះ កម្មវិធីទាំងមូល គឺជាវេទិកាដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនមូលបត្រ ភីភី លីង សង្កេតនិន្នាការ និងគំរូអាជីវកម្មអន្តរជាតិ និងផ្លាស់ប្តូរទស្សនៈជុំវិញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនាពេលអនាគត។
លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «យើងរីករាយដែលបានចូលរួមក្នុងពិព័រណ៍អន្តរជាតិ iFX EXPO ASIA ជាថ្មីម្ដងទៀតក្នុងឆ្នាំ២០២៣ នេះ។ យើងបានទន្ទឹងរង់ចាំព្រឹត្តិការណ៍នេះ ហើយបាននិងកំពុងស្វែងរកកម្មវិធីផ្សេងទៀតដែលយើងអាចចូលរួមបាន ពីព្រោះយើងពិតជាចង់ផ្សព្វផ្សាយពីទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងក្រៅតំបន់។ លើសពីនេះ សេវាកម្មទីប្រឹក្សាហិរញ្ញវត្ថុរបស់យើង ក៏ជាចំណុចទាក់ទាញមួយសម្រាប់ក្រុមហ៊ុនសាជីវកម្មសក្តានុពលណាមួយ ដែលចង់មកចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រនៅកម្ពុជាផងដែរ»។
ក្រុមហ៊ុនមូលបត្រ ភីភី លីង តែងតែប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពហិរញ្ញវត្ថុអន្តរជាតិនៅគ្រប់តំបន់នៃពិភពលោក និងផ្តួចផ្តើមយុទ្ធនាការ និងកម្មវិធីផ្សេងៗ ដើម្បីជំរុញការយល់ដឹងអំពីទីផ្សារ និងការចូលរួមពីសាធារណជន។
តាមរយៈការចូលរួមទាំងនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង ទទួលបាននូវបទពិសោធន៍ជាក់ស្តែង ចក្ខុវិស័យវែងឆ្ងាយ និងផែនការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តរភាព និងគុណភាព ហើយក្រុមហ៊ុនសង្ឃឹមថា យើងទាំងអស់គ្នានឹងរួមចំណែកដល់ការពង្រីកឱកាសវិនិយោគហិរញ្ញវត្ថុ ក៏ដូចជាភាពជោគជ័យរបស់អតិថិជន និងវឌ្ឍនភាពសេដ្ឋកិច្ចពិភពលោក។