នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលាមួយស្តីពី «ឱកាសការងារក្នុងវិស័យមូលបត្រ និងភាពជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុនមូលបត្រ ភីភី លីង» ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមានគោលបំណងផ្ដល់ឱ្យអ្នកចូលរួមទាំងអស់នូវព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារនៅក្នុងទីផ្សារមូលបត្រ ចំណេះដឹងអំពីការវិនិយោគ និងវិធីសាស្រ្ដជាក់ស្តែងសម្រាប់ការបង្កើនប្រាក់ចំណូលប្រចាំខែ។
ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីរបស់យើងមានវាគ្មិនកិត្តិយសចំនួនបីរូប។ វាគ្មិនទី១ គឺលោក ញឹម កុសល (អនុប្រធានចាត់ការទូទៅនៃក្រុមហ៊ុនមូលបត្រ ភីភី លីង) ដែលបានធ្វើបទបង្ហាញលើប្រធានបទ៖ «ការបង្កើតប្រភពចំណូលអកម្ម»។ វាគ្មិនទី២ គឺលោក ឈា ឆាយហេង (ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង) ដែលមានប្រធានបទ៖ «បទពិសោធន៍ និងអត្ថប្រយោជន៍» និងវាគ្មិនទី៣ គឺលោក ជា សុធា (អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង) ដែលបានចែករំលែកលើប្រធានបទ៖ «ការណែនាំអំពីក្រុមហ៊ុនមូលបត្រ ភីភី លីង និងភាពជាដៃគូអាជីវកម្ម»។ បទបង្ហាញទាំងបីនេះ បានរួមចំណែកក្នុងការបង្ហាញពីសារៈសំខាន់នៃការបង្កើតប្រភពចំណូលអកម្មបន្ថែម ព្រមទាំងគំនិតផ្តួចផ្ដើមអាជីវកម្ម ក៏ដូចជាវិធីសាស្រ្តវិនិយោគដែលអាចធ្វើទៅបានសម្រាប់អ្នកចូលរួមទាំងអស់គ្នា។
លោក ជា សុធា ដែលជាវាគ្មិននៃប្រធានបទទីបី «ការណែនាំអំពីក្រុមហ៊ុនមូលបត្រ ភីភី លីង និងភាពជាដៃគូអាជីវកម្ម» បានមានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថា ភាពរីកចម្រើននៃទីផ្សារមូលបត្រនៅកម្ពុជា នឹងឆ្ពោះទៅមុខជានិច្ច ហើយវាមានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលយុវជនជំនាន់ក្រោយគួរតែសិក្សាស្វែងយល់ និងចូលរួមឱ្យសកម្មក្នុងវិស័យមួយនេះ។ ឥឡូវនេះ ឱកាសត្រូវបានបើកបង្ហាញ ត្រៀមរួចរាល់ និងរៀបចំឡើង សម្រាប់អ្នកដែលមានបំណងចាប់ផ្តើម។ ការក្លាយជាដៃគូអាជីវកម្ម ឬក្រុមការងាររបស់យើង គឺមិនតម្រូវឱ្យមានលក្ខខណ្ឌ និងដំណើរការប្រតិបត្តិការច្រើននោះទេ។ ឆន្ទៈខ្ពស់ក្នុងការចូលរួម គឺជាគុណសម្បត្តិចម្បង»។
លោកបានបន្ថែមថា៖ «ក្រុមហ៊ុនមូលបត្រ ភីភី លីង ផ្តល់ជូនប្រជាជនកម្ពុជា និងជនបរទេសនូវឱកាសវិនិយោគហិរញ្ញវត្ថុក្នុងលក្ខខណ្ឌជាអតិថិជន ឬជាដៃគូអាជីវកម្ម នៅក្នុងទីផ្សារវិនិយោគហិរញ្ញវត្ថុរបស់កម្ពុជា ដែលស្ថិតក្រោមការត្រួតពិនិត្យ និងការណែនាំរបស់និយ័តករមូលបត្រកម្ពុជា»។
ជាលទ្ធផល សិក្ខាសាលានេះ ទទួលបានអ្នកចាប់អារម្មណ៍ជាច្រើន ដែលបានចុះឈ្មោះសម្រាប់ការបណ្តុះបណ្តាលបន្ថែមជាមួយអ្នកជំនាញរបស់យើង អំពីរបៀបដែលពួកគាត់អាចចាប់ផ្តើមបង្កើតលំហូរប្រាក់ចំណូល ដែលមានហានិភ័យទាប គ្មានការចំណាយលើប្រតិបត្តិការ គ្មានការពន្យារពេលយូរក្នុងប្រតិបត្ដិការសាច់ប្រាក់ និងមិនតម្រូវឱ្យមានទីតាំងសម្រាប់ធ្វើអាជីវកម្មផ្ទាល់។
ដូច្នេះ ប្រសិនបើលោកអ្នកចង់ចុះឈ្មោះ ឬទទួលបានព័ត៌មានបន្ថែមអំពីឱកាសវិនិយោគនេះ សូមផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង តាមរយៈតំណភ្ជាប់នេះ https://web.facebook.com/PPlinksecurities ឬទូរស័ព្ទមកកាន់លេខ ០២៣ ៨៦៦ ៦២២។