ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលានៅខេត្តកំពង់ចាមម្តងទៀត ដើម្បីពង្រឹងចំណេះដឹង និងឱកាសហិរញ្ញវត្ថុបន្ថែម
ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា១ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនសាជាថ្មីក្នុងការរៀបចំយុទ្ធនាការអប់រំនៅតាមបណ្តាខេត្ត ដើម្បីផ្ដល់ជូននូវអត្ថប្រយោជន៍ហិរញ្ញវត្ថុ និងចំណេះដឹងវិនិយោគបន្ថែមដល់សាធារណជនគោលដៅ។
ខេត្តកំពង់ចាម ដែលជាទីតាំងដំបូងនៃយុទ្ធនាការលើកមុន ត្រូវបានជ្រើសរើសធ្វើជាទីតាំងសិក្ខាសាលាម្តងទៀត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវវិធីសាស្រ្ដថ្មីនៃការបង្កើតប្រភពចំណូលក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ ឱកាសដៃគូអាជីវកម្ម និងវគ្គបណ្តុះបណ្តាលជំរុញទឹកចិត្ត។ វគ្គបណ្ដុះបណ្ដាលនេះមានផ្ដល់ជូនពីក្រុមហ៊ុនមូលបត្រ ភីភី លីង តែមួយគត់នៅកម្ពុជា។
នៅដើមឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបញ្ចប់ដោយមោទកភាព នូវកម្មវិធីសិក្ខាសាលាអប់រំផ្នែកវិស័យវិនិយោគហិរញ្ញវត្ថុតាមបណ្ដាខេត្តរដូវកាលទី២ ដែលបានចាប់ផ្តើមនៅខេត្តកំពង់ចាម មុនពេលបន្ដទៅខេត្តសៀមរាប បាត់ដំបង កណ្តាល និងកំពង់ស្ពឺ។ ដោយមានវត្តមានចូលរួមពីអភិបាលរងខេត្តនីមួយៗ ក៏ដូចជាតំណាងមកពីនិយ័តករមូលបត្រកម្ពុជា កម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តរដូវកាលទី២នេះ បានស្វាគមន៍អ្នកចូលរួមប្រមាណ ៧០០នាក់ និងទទួលបានការកោតសរសើរគួរឱ្យកត់សម្គាល់។ ដោយហេតុនេះហើយ ទើបក្រុមហ៊ុនយើងរៀបចំនូវយុទ្ធនាការនេះជាបន្តបន្ទាប់ ដើម្បីពាំនាំការផ្ដល់ជូនកាន់តែប្រសើរដល់អ្នកចូលរួម។
សិក្ខាសាលាក្នុងខេត្ដកំពង់ចាមលើកនេះ ត្រូវបានរៀបចំនៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន និងទាក់ទាញអ្នកចូលរួមប្រហែល ១០០នាក់។ អ្នកចូលរួមទាំងអស់សុទ្ធតែមានបំណងបង្កើតប្រភពចំណូលថ្មី បន្ថែមទៅលើមុខរបរបច្ចុប្បន្នរបស់ពួកគាត់។ ជាមួយនឹងសិក្ខាសាលារបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ពួកគាត់អាចស្វែងយល់អំពីវិធីសាស្ត្របង្កើតការងារបន្ថែមកាន់តែងាយស្រួល និងប្រកបដោយអត្ថប្រយោជន៍ខ្ពស់។ កាន់តែពិសេស ឱកាសបង្កើតប្រភពចំណូលនេះ ត្រូវបានត្រួសត្រាយផ្លូវដោយក្រុមហ៊ុនរបស់យើង និងត្រូវបានការពារដោយច្បាប់ផងដែរ។
លោក ញឹម កុសល និងលោក ឈា ឆាយហេង ដែលជាអ្នកជំនាញនៅក្រុមហ៊ុនមូលបត្រ ភីភី លីង បានធ្វើបទបង្ហាញលើប្រធានបទរៀងៗខ្លួន ទាក់ទងនឹងចំណេះដឹង បទពិសោធន៍ និងផលចំណេញក្នុងការជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាការវិនិយោគហិរញ្ញវត្ថុផ្សេងទៀត។
លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «ដំបូងយើងបានគិតអំពីការវិលត្រឡប់មកធ្វើសិក្ខាសាលានេះម្ដងទៀត បន្ទាប់មកយើងបានរៀបចំគម្រោងធ្វើវា ហើយឥឡូវ យើងធ្វើវាដោយជោគជ័យម្តងទៀតហើយ»។ ចាប់តាំងពីការចាប់ផ្តើមរបស់យើងមក ក្រុមហ៊ុនយើងបានជម្នះគ្រប់កាលៈទេសៈទាំងអស់ ក្នុងការបន្ដផ្ដល់ជូនវេទិកាអប់រំជាច្រើន និងឱកាសវិនិយោគរាប់មិនអស់ សម្រាប់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា»។
លោក ជា សុធា បានបន្ថែមទៀតថា៖ «ពេលនេះ ក្រៅពីការផ្តល់ឱកាសវិនិយោគ យើងក៏ស្វាគមន៍ចំពោះការចូលជាដៃគូអាជីវកម្ម និងផ្ដល់ជូនឱកាសការងារសម្រាប់ការអភិវឌ្ឍធនធានមនុស្សផងដែរ។ មិនដូចជាប្រភេទអាជីវកម្មហ្វ្រែនឆាយផ្សេងទៀតទេ ដើម្បីក្លាយជាដៃគូរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង យើងត្រូវការតែការសម្រេចចិត្ត និងការប្តេជ្ញាចិត្តរបស់លោកអ្នក ក្នុងការបំពេញលក្ខខណ្ឌជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ។ ហើយជាការពិតណាស់ លក្ខខណ្ឌដែលយើងបានកំណត់ គឺយើងប្រាកដថា នរណាក៏អាចសម្រេចបានដែរ ជាមួយនឹងការគាំទ្រ និងការណែនាំរបស់ក្រុមហ៊ុន»។
ដើម្បីឱ្យជីវិតកាន់តែប្រសើរ ស្ថានភាពហិរញ្ញវត្ថុល្អ មិនមែនជារឿងតែមួយគត់នោះទេ។ ធាតុសំខាន់ក្នុងចំណោមធាតុផ្សំផ្សេងៗទៀត គឺគំនិតវិជ្ជមាន។ ក្រុមហ៊ុនមូលបត្រ ភីភី លីង គិតគូរដល់ជ្រុងជីវិតមួយនេះ តាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាលជំរុញទឹកចិត្ត និងប្រសិទ្ធភាព និងបានណែនាំវគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួមដោយឥតគិតថ្លៃ ពីតម្លៃដើម ១៩៨ ដុល្លារ ក្នុងមួយវគ្គ។
ការត្រឡប់ទៅរៀបចំសិក្ខាសាលានៅខេត្តកំពង់ចាមបានបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនយើង។ ជាមួយនឹងការផ្តល់ជូនកាន់តែច្រើន និងការបោះជំហានឆ្ពោះទៅរកការពង្រីកវិសាលភាពហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក្រុមហ៊ុនមូលបត្រ ភីភី លីង សម្រេចបាននូវបេសកកម្មរបស់ខ្លួន ដើម្បីជាគុណតម្លៃដល់អតិថិជន កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍហិរញ្ញវត្ថុសកលផងដែរ។
១ក្រុមហ៊ុន មូលបត្រ ភីភី លីង ទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ អាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ និងអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ ដែលត្រូវបានអនុម័ត និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។