ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលាស្ដីពី «ប្រភពចំណូលបន្ថែម» សារជាថ្មី ដើម្បីបង្កើនអត្ថប្រយោជន៍នៃការវិនិយោគហិរញ្ញវត្ថុដល់សាធារណជន
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលាមួយស្តីពី៖ «ប្រភពចំណូលបន្ថែម» ដោយជោគជ័យ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឬ Cambodia-Korea Cooperation Center (CKCC) ក្នុងរាជធានីភ្នំពេញ។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវវិធីសាស្រ្ដថ្មីៗនៃការបង្កើតប្រភពចំណូលនៅក្នុងវិស័យហិរញ្ញវត្ថុ។
ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលា និងព្រឹត្តិការណ៍ជាច្រើន សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្មែរ។ សិក្ខាសាលា និងព្រឹត្តិការណ៍ទាំងនោះរួមមាន៖ កម្មវិធីជួបជុំបង្កើនជំនាញវិនិយោគ សិក្ខាសាលាស្តីពីឱកាសវិនិយោគនិងការងារ យុទ្ធនាការសិក្ខាសាលាអប់រំតាមបណ្ដាខេត្ត វគ្គបណ្ដុះបណ្ដាលជំរុញទឹកចិត្តនិងប្រសិទ្ធភាព ការចូលរួមពិព័រណ៍ហិរញ្ញវត្ថុអន្តរជាតិ និងការផ្សព្វផ្សាយផ្សេងៗទៀតអំពីទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ នៅមានកម្មវិធីជាច្រើនទៀត ដែលកំពុងត្រូវបានត្រៀមរៀបចំសម្រាប់ឆ្នាំនេះ។
សិក្ខាសាលាក្រោមប្រធានបទ៖ «ប្រភពចំណូលបន្ថែម» នេះ ត្រូវបានរៀបចំឡើងចំនួន៣ លើករួចមកហើយ ដោយលើកទី១នៅខេត្ដកំពង់ចាម និងលើកទី២នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឬ Cambodia-Japan Cooperation Center (CJCC) ក្នុងរាជធានីភ្នំពេញ។ ការរៀបចំម្តងហើយម្តងទៀតនេះ គឺដើម្បីបន្ដផ្ដល់ជូននូវអត្ថប្រយោជន៍ហិរញ្ញវត្ថុ និងចំណេះដឹងវិនិយោគ ដល់សាធារណជនគោលដៅ ដែលចង់ទទួលបាននូវទំនុកចិត្ដ និងសមត្ថភាពបន្ថែមក្នុងការចាប់ផ្ដើមការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុសកល។
លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «ដោយមានតម្រូវការ និងការស្នើសុំឱ្យមានការរៀបចំសិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះ ក៏ដូចជាសម្រាប់ការបំពេញបេសកកម្មរបស់ក្រុមហ៊ុនក្នុងដំណើរអភិវឌ្ឍប្រកបដោយចីរភាព យើងមានសេចក្ដីរីករាយក្នុងការបន្តបង្កើត និងផ្ដល់ជូននូវគុណប្រយោជន៍ ដែលអាចបម្រើដល់ផែនការហិរញ្ញវត្ថុរបស់អតិថិជនគោលដៅ វិស័យការងារ និងសេដ្ឋកិច្ចជាតិជារួម»។
លោកបានបន្ថែមទៀតថា៖ «ជាលទ្ធផល កម្មវិធីរបស់យើង មានភ្ញៀវចូលរួមប្រហែល ១០០នាក់ ដែលពួកគាត់សុទ្ធតែមានបំណងបង្កើតប្រភពចំណូលបន្ថែម ក្រៅពីការងារបច្ចុប្បន្នរបស់ខ្លួន។ ជាមួយនឹងសិក្ខាសាលារបស់ក្រុមហ៊ុនយើង ពួកគាត់អាចស្វែងយល់អំពីវិធីសាស្ត្របង្កើតចំណូលបន្ថែមកាន់តែងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កាន់តែពិសេស ឱកាសបង្កើតប្រភពចំណូលនេះ ត្រូវបានត្រួសត្រាយផ្លូវដោយក្រុមហ៊ុនមូលបត្រ ភីភី លីង និងត្រូវបានការពារដោយច្បាប់ផងដែរ»។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនមក ក្រុមហ៊ុនមូលបត្រ ភីភី លីង បានជម្នះគ្រប់កាលៈទេសៈទាំងអស់ ក្នុងការបន្ដផ្ដល់ជូនវេទិកាអប់រំជាច្រើន និងឱកាសវិនិយោគរាប់មិនអស់ សម្រាប់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
ដោយប្រកាន់ខ្ជាប់នូវជំហរនេះ លោក ញឹម កុសល និងលោក ឡុង សំណាង ដែលជាអ្នកជំនាញនៅក្រុមហ៊ុនមូលបត្រ ភីភី លីង បានធ្វើបទបង្ហាញលើប្រធានបទរៀងៗខ្លួន ទាក់ទងនឹងចំណេះដឹង បទពិសោធន៍ និងផលចំណេញក្នុងការជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាការវិនិយោគលើផលិតផលហិរញ្ញវត្ថុផ្សេងទៀត។
ជារួម ក្រុមហ៊ុនមូលបត្រ ភីភី លីង បានទទួលជោគជ័យក្នុងការរៀបចំសិក្ខាសាលានេះ ដែលជាគុណតម្លៃដល់អតិថិជន កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍហិរញ្ញវត្ថុសកលផងដែរ។