ក្រុមហ៊ុន មូលបត្រ ភីភី លីង ចូលរួមការប្រកួតដើរតួតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងប្រតិបត្ដិការអាជីវកម្ម
នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន មូលបត្រ ភីភី លីង បានចូលរួមកម្មវិធីប្រកួតដើរតួ (Role-Play Competition) តាមប្រព័ន្ធអនឡាញ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេមួយនៅកម្ពុជា។ ការចូលរួមរបស់យើង គឺដើម្បីលើកកម្ពស់ចំណេះដឹង ព្រមទាំងផ្ដល់នូវបទពិសោធន៍ជាក់ស្តែង និងជំនាញទំនាក់ទំនងផ្សេងទៀត ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិក និងបង្កើតក្រុមការងារដែលច្នៃប្រឌិត និងប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់ការបង្កើនកម្រិតស្ដង់ដារសេវាកម្មរបស់យើងឱ្យកាន់តែល្អប្រសើរ គួរជាទីទុកចិត្ត និងជាទីពេញចិត្តរបស់អតិថិជន។
ដោយបានចូលរួមជាមួយ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលជាក្រុមហ៊ុនមានវិជ្ជាជីវៈខ្ពស់ក្នុងវិស័យជួញដូរឧបករណ៍និស្សន្ទ បូករួមនឹងជំនាញរបស់យើងក្នុងការប្រឹក្សាហិរញ្ញវត្ថុ និងការវិនិយោគមូលបត្រ កម្មវិធីនេះបានក្លាយជាវេទិកាចែករំលែកបទពិសោធន៍ និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារមូលបត្រ ក៏ដូចជាប្រតិបត្ដិការអាជីវកម្មផងដែរ។ ក្រៅពីនេះ យើងមានគណៈកម្មការវាយតម្លៃដោយលោកបណ្ឌិត Raymond Choi ដែលជាអ្នកជំនាញផ្នែកគតិយុត្ដិផងដែរ។
ក្នុងពេលប្រកួត ក្រុមការងាររបស់យើង និងភ្នាក់ងារប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបញ្ចេញសមត្ថភាពតាមរយៈការដើរតួ និងបង្ហាញនូវអ្វីដែលពួកគេទទួលបានពីការបណ្តុះបណ្តាល និងការអនុវត្តកន្លងមក។ ការវាយតម្លៃ គឺផ្អែកទៅលើសមត្ថភាពរបស់បេក្ខជនក្នុងការបង្ហាញពីកម្រិតស្តង់ដារអាជីវកម្មដល់អតិថិជន ភាពជឿជាក់លើខ្លួនឯង ជំនាញបច្ចេកទេសនិងអន្តរបុគ្គល ការដោះស្រាយបញ្ហា និងការពេញចិត្តរបស់អតិថិជន។ ជាលទ្ធផល គណៈកម្មការវាយតម្លៃ និងភ្ញៀវកិត្ដិយសរបស់យើង បានរីករាយ និងអបអរសាទរចំពោះការដើរតួដ៏រស់រវើករបស់បេក្ខជនទាំងអស់ ហើយបេក្ខជនផ្ទាល់ក៏ទទួលបាននូវមតិស្ថាបនាល្អៗ ដើម្បីពង្រឹងជំនាញ និងបង្កើនចំណេះដឹងរបស់ពួកគេ។ នៅចុងបញ្ចប់នៃការប្រកួត ជ័យលាភី ៣គូ ឬ ក្រុម បានទទួលរង្វាន់ និងលិខិតសរសើរពីក្រុមហ៊ុនផងដែរ។
កញ្ញា អាន ស្រីរ័ត្ន អភិបាលនៃក្រុមហ៊ុន មូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «ពេលនេះ យើងកំពុងស្ថិតនៅក្នុងវិធានការបិទខ្ទប់ទីក្រុងដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យយើងមិនអាចមានប្រតិបត្ដិការការងារដោយផ្ទាល់បាន ដូច្នេះការចូលរួមកម្មវិធីប្រកួតដើរតួតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្នុងថ្ងៃនេះ ពិតជាមានគុណតម្លៃ និងប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់បេក្ខជនមកពីក្រុមហ៊ុនរបស់យើង ដើម្បីពង្រឹងនិងពង្រីកជំនាញវិជ្ជាជីវៈរបស់ពួកគាត់ក្នុងការផ្តល់នូវវិសាលភាពយ៉ាងទូលំទូលាយនៃសេវាកម្មហិរញ្ញវត្ថុរបស់យើងទៅដល់អតិថិជន ក៏ដូចជាដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គល និងសាជីវកម្មទាំងមូល តាមរយៈការទទួលយកបទពិសោធន៍ថ្មី ចំណេះដឹងថ្មី និងមតិស្ថាបនាល្អៗពីគណៈកម្មការវាយតម្លៃ»។
កញ្ញាបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដែលបានឃើញពីជំនាញ និងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខជនម្នាក់ៗតាមរយៈការសម្តែងនៅថ្ងៃនេះ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការវាយតម្លៃជាក់ស្ដែង និងការចែករំលែកចំណេះដឹងបន្ថែមពីគណៈកម្មការ បេក្ខជនរបស់យើងពិតជាអាចមើលឃើញពីចំណុចខ្លាំងរបស់ខ្លួន និងចំណុចដែលត្រូវអភិវឌ្ឍបន្ថែមដើម្បីឈានដល់សក្តានុពលយ៉ាងពេញលេញរបស់ពួកគាត់»។
ក្រុមហ៊ុន មូលបត្រ ភីភី លីង សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល គណៈកម្មការវាយតម្លៃមកពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងភ្ញៀវកិត្ដិយសទាំងអស់ ដែលបានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃ ដើម្បីជួយពង្រឹងជំនាញ និងវិជ្ជាជីវៈដល់បេក្ខជនរបស់យើង។ ក្នុងនាមជាចំណែកដ៏សំខាន់មួយក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនយើងតែងតែបន្ដបង្កើនសមត្ថភាព ពង្រីកវិសាលភាពអាជីវកម្ម និងបង្កើតគុណតម្លៃសម្រាប់អតិថិជន ជាមួយនឹងការប្តេជ្ញាផ្ដល់នូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុត ដើម្បីអភិវឌ្ឍកេរ្តិ៍ឈ្មោះរបស់យើង ក៏ដូចជាទីផ្សារហិរញ្ញវត្ថុរបស់យើង ទាំងនៅក្នុងតំបន់ និងទូទាំងពិភពលោក។