នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន មូលបត្រ ភីភី លីង បានរៀបចំកម្មវិធី «រាត្រីជួបជុំបង្កើនជំនាញវិនិយោគ និងការប្រកួតជួញដូរតាមរយៈគណនីសាកល្បង» ក្នុងគោលបំណងផ្តល់ជូនអ្នកចូលរួមទាំងអស់នូវពេលវេលាដ៏សប្បាយរីករាយ រួមជាមួយនឹងចំណេះដឹង បទពិសោធន៍ជួញដូរពីអ្នកជំនាញ និងឱកាសវិនិយោគពីក្រុមហ៊ុនផងដែរ។
កម្មវិធីដ៏ពិសេសនេះត្រូវបានរៀបចំឡើងនៅហាង Goldwell Cafe ក្នុងអគារ ហ្គោលដិន ថាវវើរ និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ដែលបង្កើតបាននូវបរិយាកាសដ៏រំភើប។
ចំណុចសំខាន់ចម្បងដែលជំរុញឱ្យក្រុមហ៊ុន មូលបត្រ ភីភី លីង រៀបចំកម្មវិធីមួយនេះឡើង គឺដើម្បីផ្ដល់ជូនការអប់រំបន្ថែមទៅដល់វិនិយោគិន អ្នកជួញដូរ និងអតិថិជនសក្តានុពលទាំងអស់ អំពីលក្ខណៈសំខាន់នៃការជួញដូរឧបករណ៍និស្សន្ទ។ ជាក់ស្ដែង អ្នកចូលរួមទាំងអស់បានសិក្សាផ្ទាល់ពីរបៀបដែលអ្នកជំនាញវិភាគទៅលើព័ត៌មានទីផ្សារ ជាពិសេសការវិភាគទៅលើទិន្នន័យ Non-Farm Payrolls ដែលជាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក (លើកលែងតែផ្នែកកសិកម្ម)។ វិនិយោគិន និងអ្នកជួញដូរក្នុងទីផ្សារឧបករណ៍និស្សន្ទ អាចប្រើប្រាស់ជាសូចនាករដ៏មានប្រសិទ្ធភាព ដើម្បីចាប់យកឱកាសជួញដូរ។
ក្រុមហ៊ុន មូលបត្រ ភីភី លីង ក៏បានរៀបចំការប្រកួតជួញដូរតាមរយៈគណនីសាកល្បង ដើម្បីអនុញ្ញាតឱ្យបេក្ខជនទាំងអស់បានអនុវត្ដចំណេះជំនាញដែលពួកគាត់បានរៀន ក៏ដូចជាទទួលបានការពន្យល់បន្ថែមពីអ្នកជំនាញ ដែលមានប្រសិទ្ធភាពសម្រាប់ការជួញដូរជាក់ស្ដែងរបស់ពួកគាត់នៅពេលអនាគត។ ជាមួយគ្នានេះដែរ បេក្ខជនចំនួន ៣រូប ដែលបង្កើតបានប្រាក់ចំណេញច្រើនជាងគេពីការប្រកួតជួញដូរ បានក្លាយជាម្ចាស់ជ័យលាភី និងទទួលបានរង្វាន់សម្រាប់សមិទ្ធផលរបស់ពួកគាត់។
ជាចុងក្រោយ អ្នកចូលរួមទាំងអស់បានរីករាយនឹងការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈយ៉ាងសម្បូរបែបរហូតដល់ចប់កម្មវិធី ហើយសម្រាប់ភ្ញៀវកិត្តិយសមួយចំនួនទៀតថែមទាំងបានទទួលរង្វាន់ផ្សងសំណាងយកទៅកាន់គេហដ្ឋានផងដែរ។
ក្រុមហ៊ុន មូលបត្រ ភីភី លីង មានមោទកភាពក្នុងការផ្តួចផ្តើមកម្មវិធីនេះឡើង ពីព្រោះក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា សកម្មភាពទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វឌ្ឍនភាពនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ ដូច្នេះហើយ ក្រុមហ៊ុនមូលបត្រ ភីភី លីង នឹងនៅតែបន្តប្តេជ្ញាចិត្តលើការបង្កើតកម្មវិធីអប់រំ និងការផ្សព្វផ្សាយពីទីផ្សារឱ្យកាន់តែទូលំទូលាយ ដើម្បីជួយដល់វិនិយោគិន និងអតិថិជនក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនបំផុតពីការវិនិយោគរបស់ពួកគាត់។