ទូទៅ
តើក្រុមហ៊ុនមូលបត្រ ភីភី លីង គឺជាក្រុមហ៊ុនអ្វី?
ក្រុមហ៊ុនមូលបត្រ ភីភី លីង គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ ក្រុមហ៊ុនចែកចាយលក់មូលបត្រ និងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលត្រូវបានអនុម័តដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
តើយើងអាចផ្តល់ជូនអ្វីខ្លះដល់អ្នក?
ជាមួយនឹងអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ យើងផ្ដល់ជូនអតិថិជននូវកម្មវិធីជួញដូរ CSX Trade និងភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា។ ជាមួយនឹងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទវិញ យើងផ្តល់ជូននូវកម្មវិធីជួញដូរលំដាប់ថ្នាក់ពិភពលោក (MT5) និងផលិតផលជួញដូរជាច្រើន។ បន្ថែមពីនេះ យើងក៏មានអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ ដែលអនុញ្ញាតឱ្យយើងអាចជួយគាំទ្រក្រុមហ៊ុនដែលត្រូវចុះបញ្ជី ក្នុងការផ្សព្វផ្សាយ និងលក់ភាគហ៊ុនរបស់ពួកគេនៅដំណាក់កាលដំបូង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានាទិញមូលបត្ររបស់ពួកគេ។
ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ
តើធ្វើដូចម្តេចដើម្បីបើកគណនីជួញដូរបាន?
ដើម្បីបើកគណនីជួញដូរបាន វិនិយោគិនត្រូវបានតម្រូវឱ្យមានកិច្ចព្រមព្រៀងអតិថិជនដែលបានបំពេញរួចជាស្រេច រួមជាមួយនឹងឯកសារបើកគណនី ឯកសារអត្តសញ្ញាណវិនិយោគិន (ប្រសិនបើលោកអ្នកមិនទាន់មានលេខអត្ដសញ្ញាណវិនិយោគិនដែលចេញដោយនិយ័តករមូលបត្រកម្ពុជា) និង អត្តសញ្ញាណប័ណ្ណថតចម្លងមួយច្បាប់។
តើក្រុមហ៊ុនទទួលបើកគណនីឱ្យអតិថិជនក្រៅប្រទេសដែរឬទេ?
ក្រុមហ៊ុនមានទទួលបើកគណនីសម្រាប់អតិថិជនក្រៅប្រទេស។
តើគណនីជួញដូរមានប៉ុន្មានប្រភេទ?
គណនីជួញដូរមានពីរប្រភេទ គឺគណនីជួញដូរសម្រាប់វិនិយោគិនជាបុគ្គល និងគណនីជួញដូរសម្រាប់វិនិយោគិនជាស្ថាប័ន។
តើផ្សារមូលបត្រគឺជាអ្វី?
ផ្សារមូលបត្រ គឺជាកន្លែងដែលមូលបត្រដូចជា ភាគហ៊ុន និងសញ្ញាបណ្ណ ត្រូវបានទិញ និងលក់ដោយវិនិយោគិន រួមទាំងវិនិយោគិនជាតិ និងវិនិយោគិនអន្តរជាតិ។ ផ្សារមូលបត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយវាអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្ម សហគ្រាសសាធារណៈ និងរដ្ឋាភិបាលអាចប្រមូលទុនដោយផ្ទាល់ពីសាធារណជន ដើម្បីប្រើប្រាស់ពង្រីកអាជីវកម្ម ឬអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ ម៉្យាងទៀត ផ្សារមូលបត្រផ្តល់ជម្រើសដល់វិនិយោគិនក្នុងការធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់ខ្លួន ឬសម្រាប់ការសន្សំ (ជាមួយមូលបត្រដែលមានហានិភ័យទាប) ផងដែរ។ នៅពេលដែលមានលំហូរមូលធនកើតឡើង សកម្មភាពសេដ្ឋកិច្ចដូចជាពាណិជ្ជកម្ម និងផលិតកម្ម នឹងរីកលូតលាស់ ហើយវានឹងបង្កើតឱ្យមានការងារ និងកំណើនទ្រព្យសម្បត្តិសម្រាប់ប្រជាជនទូទៅផងដែរ។
តើភាគហ៊ុនគឺជាអ្វី?
ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៃក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។
តើមូលបត្របំណុល ឬ សញ្ញាបណ្ណ គឺជាអ្វី?
សញ្ញាបណ្ណ គឺជាប្រភេទនៃមូលបត្របំណុលដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយ ដែលអាចជាក្រុមហ៊ុនសាជីវកម្ម សហគ្រាសសាធារណៈ ឬរដ្ឋាភិបាល។ ជាថ្នូរនៃកម្ចីនេះ ក្រុមហ៊ុនបោះផ្សាយនឹងសងត្រឡប់ទៅវិនិយោគិនវិញនូវការប្រាក់ក្នុងអត្រាថេរជាប្រចាំមួយ ព្រមទាំងប្រាក់ដើមនៅចុងគ្រា។
តើការជួញដូរមូលបត្រមានអត្ថប្រយោជន៍អ្វីខ្លះ?
ការជួញដូរមូលបត្រ ផ្តល់ជូនវិនិយោគិននូវគុណសម្បត្តិផ្សេងៗដូចខាងក្រោម៖
- ឱកាសវិនិយោគ និងផលចំណេញ
- មូលធនសមរម្យសម្រាប់វិនិយោគិនខ្នាតតូច
- ការលើកទឹកចិត្តពាក់ព័ន្ធនឹងពន្ធ
- ការវិនិយោគចម្រុះ និងផលចំណេញបន្ថែម។ល។
តើការជួញដូរមូលបត្រមានហានិភ័យពាក់ព័ន្ធអ្វីខ្លះ?
ការជួញដូរមូលបត្រអាចជួបនូវហានិភ័យមួយចំនួនដែលធ្វើឱ្យថ្លៃនៃភាគហ៊ុនធ្លាក់ចុះ ឬមានការប្រែប្រួលខ្លាំង។ យើងអាចបែងចែកហានិភ័យទាំងនោះជាបីប្រភេទចម្បងៗ ដូចជា៖
- ហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់ដែលកើតមានឡើងចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្មដូចជា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថិរភាពនយោបាយ និងហានិភ័យនៃការកើនឡើងអត្រាការប្រាក់ជាដើម។
- ហានិភ័យមិនមែនជាប្រព័ន្ធ គឺជាភាពមិនច្បាស់លាស់ដែលកើតមានចំពោះក្រុមហ៊ុន ឬវិស័យណាមួយ ដែលអាចកាត់បន្ថយបានតាមរយៈការធ្វើពិពិធកម្ម រួមមាន៖ អសាធនីយភាពនៃក្រុមហ៊ុន ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ និងសកម្មភាពជួញដូរផ្ទៃក្នុងជាដើម។
- ហានិភ័យសន្ទនីយភាព សំដៅដល់ហានិភ័យដែលអ្នកទិញ និងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅថ្លៃសមស្របណាមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ។
តើត្រូវធ្វើដូចម្តេចដើម្បីវិនិយោគមូលបត្រនៅផ្សារមូលបត្រកម្ពុជាបាន?
ដើម្បីវិនិយោគលើមូលបត្របាន វិនិយោគិនត្រូវមានគណនីជួញដូរមូលបត្រ ឬគណនីជួញដូរចល័ត CSX Trade ដែលមានដំណើរការ។
តើកម្មវិធី CSX Trade ជាអ្វី?
CSX Trade គឺជាប្រព័ន្ធជួញដូរចល័ត ដែលត្រូវបានអភិវឌ្ឍដោយផ្សារមូលបត្រកម្ពុជា ដើម្បីអនុញ្ញាតឱ្យវិនិយោគិនជួញដូរមូលបត្របានយ៉ាងរហ័ស សុវត្ថិភាព និងងាយស្រួល។ វិនិយោគិនអាចប្រើកម្មវិធី CSX Trade ដើម្បីបញ្ជាទិញ ឬ លក់មូលបត្រដោយខ្លួនឯងបាននៅគ្រប់ទីកន្លែង ព្រមទាំងអាចមើលទិន្នន័យទីផ្សារបច្ចុប្បន្ន ប្រវត្តិទីផ្សារ និងទិន្នន័យគណនីជួញដូររបស់ខ្លួនបានតាមរយៈទូរស័ព្ទទំនើប កុំព្យូទ័រ ឬ អាយផេតជាដើម។
តើកម្មវិធី CSX Trade មានមុខងារសំខាន់ៗអ្វីខ្លះ?
កម្មវិធី CSX Trade មានមុខងារសំខាន់ៗ ដូចជា៖
- ការដាក់បញ្ជាទិញ/លក់
- ការកែប្រែ និងលុបចោលបញ្ជាទិញ/លក់
- ការពិនិត្យមើលបញ្ជាទិញ/លក់ និងកំណត់ត្រានៃការជួញដូរកន្លងមក
- ការពិនិត្យមើលសមតុល្យក្នុងគណនីជួញដូរ
- ការពិនិត្យមើលភាពចំណេញ/ខាត នៃមូលបត្រកាន់កាប់បច្ចុប្បន្ន និងប្រតិបត្តិការកន្លងមក
- ការតាមដានស្ថានភាពទីផ្សារ
- ការស្វែងរកព័ត៌មាន និងសេចក្តីជូនដំណឹងផ្សេងៗដែលពាក់ព័ន្ធ
- ការស្នើដកប្រាក់
តើកាលវិភាគជួញដូរត្រូវបានកំណត់ដូចម្ដេច?
ថ្ងៃជួញដូរ គឺចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកសាធារណៈ ខណៈម៉ោងជួញដូរគឺចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល។
សម្រាប់វិធីសាស្ត្រដេញថ្លៃ (Auction Trading Method = ATM) ម៉ោងទទួលការបញ្ជាទិញ គឺចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល ប៉ុន្តែការជួញដូរចាប់ផ្តើមពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ២:៥០នាទី រសៀល ហើយម្តងទៀតនៅម៉ោង ៣:០០ រសៀលមុនពេលបិទទីផ្សារ។ ចំពោះវិធីសាស្ត្រជួញដូរតាមការចរចា (Negotiated Trading Method = NTM) ម៉ោងជួញដូរ គឺចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ២:៥០ នាទីរសៀល។
តើមានវគ្គជួញដូរប៉ុន្មាននៅផ្សារមូលបត្រកម្ពុជា?
ការជួញដូរនៅផ្សារមូលបត្រកម្ពុជាមាន ៣ វគ្គ៖
- ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៩:០០ ព្រឹក៖ ការដេញថ្លៃដោយថ្លៃតែមួយ
- ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ២:៥០នាទី រសៀល៖ ការដេញថ្លៃដោយយកថ្លៃច្រើន
- ចាប់ពីម៉ោង ២:៥០ នាទី រសៀល ដល់ម៉ោង ៣:០០ រសៀល៖ ការដេញថ្លៃដោយថ្លៃតែមួយ
តើខ្ញុំអាចធ្វើប្រតិបត្តិការជួញដូរដោយរបៀបណា?
អ្នកអាចបញ្ជាទិញ ឬលក់មូលបត្រ ដោយគ្រាន់តែអញ្ជើញមកកាន់ការិយាល័យរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ឬទាក់ទងតាមរយៈទូរស័ព្ទ ឬផ្ញើសារមកកាន់ក្រុមហ៊ុនតាមរយៈអ៊ីម៉ែលដោយផ្ដល់នូវព័ត៌មានដូចខាងក្រោម៖
- ព័ត៌មានអំពីគណនីមូលបត្រ
- ឈ្មោះអតិថិជន
- លេខគណនីមូលបត្រ
- លេខអត្តសញ្ញាណវិនិយោគិន
- ព័ត៌មានមូលបត្រ/ភាគហ៊ុន
- ឈ្មោះនិងលេខកូដមូលបត្រ
- ប្រភេទនៃការបញ្ជា៖ ទិញ/លក់/ផ្លាស់ប្តូរ/បោះបង់
- បរិមាណ
- តម្លៃក្នុងមួយឯកតា
- លក្ខខណ្ឌ៖ បញ្ជាដែនកំណត់/បញ្ជាទីផ្សារ/ជួញដូរទាំងស្រុង ឬ លុបចោល/ជួញដូរហើយលុបចោល
អ្នកអាចបញ្ជាទិញ ឬលក់ ជាមួយនឹងកម្មវិធី MTS តាមរយៈតំណភ្ជាប់ https://mts.csx.com.kh ដើម្បីចុះឈ្មោះដោយផ្ទាល់ជាមួយផ្សារមូលបត្រកម្ពុជា។
តើរូបិយប័ណ្ណណាមួយដែលត្រូវបានប្រើប្រាស់ដើម្បីទូទាត់?
ការជួញដូរ និងការទូទាត់ គឺគិតជាប្រាក់រៀល (KHR)។
តើធ្វើដូចម្តេចដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីជួញដូរបាន?
ក. ដាក់ប្រាក់ទៅធនាគារដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ដោយផ្ទាល់
សូមអញ្ជើញទៅកាន់សាខាណាមួយរបស់ ធនាគារ អេស៊ីលីដា ដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ឬ ផ្ទេរប្រាក់របស់អ្នកទៅក្នុងគណនីអតិថិជនរបស់ មូលបត្រ ភីភី លីង ដើម្បីបញ្ចូលប្រាក់ទៅក្នុងគណនីជួញដូររបស់អ្នក ដោយផ្ដល់នូវព័ត៌មានដូចខាងក្រោម៖
- នាមត្រកូល និងនាមខ្លួន
- លេខគណនីជួញដូរ
- លេខអត្តសញ្ញាណវិនិយោគិន
- ចំនួនទឹកប្រាក់ (KHR)
ខ. អ៊ីម៉ែលមកក្រុមហ៊ុនដើម្បីផ្ទេរប្រាក់
- នាមត្រកូល និងនាមខ្លួន
- លេខគណនីជួញដូរ
- លេខអត្ដសញ្ញាណវិនិយោគិន
- ចំនួនទឹកប្រាក់ (KHR)
- លេខគណនីធនាគារដកប្រាក់
តើប្រតិបត្តិការត្រូវបានទូទាត់នៅពេលណា?
រយៈពេលទូទាត់នៃប្រតិបត្តិការដែលបានអនុវត្ត គឺពីរថ្ងៃនៃថ្ងៃធ្វើការ (T+2)។ ទោះយ៉ាងណាក៏ដោយ វិនិយោគិនក៏ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការបន្ថែមទៀត ដូចជាការលក់និងទិញមូលបត្រ និងការទិញនិងលក់មូលបត្រដែលពាក់ព័ន្ធភ្លាមៗ មុនពេលប្រតិបត្តិការត្រូវបានបញ្ចប់។
តើធ្វើដូចម្តេចដើម្បីដកប្រាក់ពីគណនីជួញដូរបាន?
ការដកប្រាក់ត្រូវធ្វើឡើងតាមរយៈការដាក់ស្នើទម្រង់បែបបទតាមរយៈកម្មវិធី CSX Trade។
តើខ្ញុំអាចទាក់ទងក្រុមការងាររបស់ក្រុមហ៊ុនបានដោយរបៀបណា?
ក្រុមការងាររបស់យើងនៅទីនេះ ដើម្បីជួយលោកអ្នកចាប់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ រសៀល។ សូមទាក់ទងមកកាន់ក្រុមហ៊ុនរបស់យើង តាមរយៈវិធីសាស្រ្ដខាងក្រោម៖
- លេខទូរស័ព្ទ៖ +៨៥៥ (០) ២៣ ៨៦៦ ៦២២
- អ៊ីម៉ែល៖ info@ppls.com.kh
- អាសយដ្ឋាន៖ អគារហ្គោលដិនថាវវើរ ជាន់ទី៥ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
- គេហទំព័រ៖ www.pplinksecurities.com.kh
អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ
តើខ្ញុំអាចដោះស្រាយបញ្ហាខុសឈ្មោះ ឬលេខសម្ងាត់ដោយរបៀបណា?
ប្រសិនបើអ្នកទទួលបានសារ “ឈ្មោះអ្នកប្រើប្រាស់ ឬលេខសម្ងាត់ខុស” នៅពេលអ្នកចូលក្នុងគណនីពិតប្រាកដនៃកម្មវិធីជួញដូរ មានន័យថា “ឈ្មោះអ្នកប្រើប្រាស់ ឬលេខសម្ងាត់” ដែលអ្នកបានបញ្ចូល គឺមិនត្រឹមត្រូវទេ។ អ្នកអាចដោះស្រាយបញ្ហានេះ ដោយអនុវត្តតាមជំហានដូចខាងក្រោម៖
- ប្តូរពី “Demo” ទៅ “Live” ដើម្បីភ្ជាប់គណនីពិតប្រាកដ
- លុបឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ពីប្រអប់នីមួយៗ
- ពិនិត្យមើលកំណត់ត្រារបស់អ្នកដើម្បីធានាថា លេខគណនីនិងលេខសម្ងាត់កម្មវិធីជួញដូរគឺត្រឹមត្រូវ ហើយបន្ទាប់មកវាយបញ្ចូលលេខគណនីនិងលេខសម្ងាត់ឡើងវិញ
- ចូរកុំចម្លង (Copy) រួចបំពេញ (Paste) លេខគណនីរបស់អ្នក ឬលេខសម្ងាត់ ដើម្បីជៀសវាងលើសតួអក្សរ
តើខ្ញុំអាចកំណត់លេខសម្ងាត់របស់ខ្ញុំឡើងវិញក្នុងកម្មវិធីជួញដូរដោយរបៀបណា?
អ្នកអាចបង្កើតឡើងវិញនូវលេខសម្ងាត់របស់អ្នកតាមអនឡាញ ដោយផ្ញើសារទៅអ៊ីម៉ែល enquiry@ppls.com.kh ដើម្បីទទួលបានលេខសម្ងាត់បណ្តោះអាសន្នមួយ ហើយអ្នកអាចផ្លាស់ប្តូរលេខសម្ងាត់របស់អ្នកក្រោយពេលដែលអ្នកចូលទៅក្នុងគណនីរបស់អ្នក។ ប្រសិនបើអ្នកនៅតែមិនអាចបង្កើតលេខសម្ងាត់ថ្មី អ្នកអាចទាក់ទងទៅកាន់ផ្នែកសេវាអតិថិជនរបស់យើង។
តើម៉ាជីនគឺជាអ្វី?
ម៉ាជីនសំដៅលើប្រាក់តម្កល់ ដែលក្រុមហ៊ុនតម្រូវឱ្យអតិថិជនដាក់ជាការធានានូវការអនុវត្តកាតព្វកិច្ចរបស់អតិថិជនទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលើការជួញដូរ ហើយវារួមបញ្ចូលទាំងម៉ាជីនដំបូង និងម៉ាជីនរក្សា។
តើការជួញដូរម៉ាជីនគឺជាអ្វី?
ការជួញដូរម៉ាជីន (ការជួញដូរឡេវឺរ៉េច) គឺជាទម្រង់ដ៏ពេញនិយមមួយនៃការជួញដូរឧបករណ៍និស្សន្ទ ដែលអនុញ្ញាតឱ្យវិនិយោគិនជួញដូរក្នុងចំនួនទឹកប្រាក់មួយដែលច្រើនជាងចំនួនទឹកប្រាក់ជាក់ស្ដែងក្នុងគណនីជួញដូររបស់ខ្លួន។ ការជួញដូរម៉ាជីន អាចផ្តល់ឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានទៅលើបទពិសោធន៍នៃការជួញដូររបស់វិនិយោគិន ដោយសារតែការពង្រីកចំនួនទឹកប្រាក់ជួញដូរសម្រាប់ប្រាក់ចំណេញ និងប្រាក់ខាតដែលអាចកើតមាន។
តើធ្វើដូចម្តេចដើម្បីបញ្ជាទិញ/លក់បាន?
សូមអនុវត្តតាមជំហានសាមញ្ញនៅក្នុងផ្ទាំង “Market Watch Window” នៅលើកម្មវិធីជួញដូររបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង៖
- ចុចលើពាក្យ “ទិញ” ឬ “លក់” លើគូរូបិយប័ណ្ណដែលអ្នកមានបំណងជួញដូរ
- ផ្ទាំង “បង្កើតការបញ្ជាទិញ/លក់លើទីផ្សារ” នឹងលេចឡើង ដើម្បីឱ្យអ្នកផ្លាស់ប្តូរគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ រួមទាំងគូផលិតផល លក់/ទិញ និងបរិមាណ
- ចុចលើពាក្យ “បញ្ជាក់” ដើម្បីបញ្ជូនបញ្ជាទិញ/លក់ និងចាប់ផ្ដើមប្រតិបត្តិការនៅតម្លៃដែលអ្នកចង់បាន
- នៅពេលបញ្ជាទិញ/លក់ត្រូវបានអនុវត្ត អ្នកអាចរកឃើញការណែនាំនៅលើ “ផ្ទាំងសង្ខេប” ហើយអ្នកអាចគ្រប់គ្រងគ្រប់ប្រតិបត្តិការទិញ/លក់របស់អ្នក។
តើខ្ញុំអាចកំណត់ការបញ្ជាទិញ/លក់ទុកមុនដោយរបៀបណា?
តម្លៃនៃការបញ្ជាទិញ/លក់ទុកមុន នឹងត្រូវបានកំណត់នៅក្នុងផ្ទាំង “Spot open” ដោយយោងទៅតាមចំនួនប្រតិបត្តិការនៃការបញ្ជាទិញ/លក់ទុកមុននីមួយៗ។ ដើម្បីបង្កើតការបញ្ជាទិញ/លក់ទុកមុន៖
- ផ្ទាំង “ទិញ/លក់ទុកមុន” នឹងលេចឡើង ហើយរាល់ផ្នែកដែលពាក់ព័ន្ធនឹងបញ្ជាចូលទីផ្សារទាំងអស់ រួមទាំងតម្លៃទិញ/លក់ទុកមុន នឹងត្រូវបានធ្វើបច្ចុប្បន្នភាព
- ចុចលើ “បញ្ជាក់” ដើម្បីបញ្ជូនបញ្ជាទិញ/លក់របស់អ្នកដែលនឹងត្រូវបានអនុវត្តនៅពេលតម្លៃជាក់ស្ដែងឈានដល់តម្លៃបញ្ជាទិញ/លក់ទុកមុនរបស់អ្នក
- ក្រោយពេលបញ្ជូនបញ្ជារួច ការណែនាំស្តីអំពីការបញ្ជាទិញ/លក់ទុកមុន នឹងលេចឡើងរហូតដល់ប្រតិបត្តិការជួញដូររបស់អ្នកបញ្ចប់។
តើអ្វីជាការបើកគណនីរហ័ស?
វិធីដែលលឿនជាងគេបំផុតក្នុងការបើកគណនី គឺតាមរយៈការស្នើសុំតាមអនឡាញ។ អ្នកអាចចាប់ផ្តើមការជួញដូររបស់អ្នកបានក្នុងរយៈពេល ២ ម៉ោង ប្រសិនបើអ្នកបើកគណនីអនឡាញ និងបានដាក់ប្រាក់តម្កល់ដោយជោគជ័យ។ ការបើកគណនីរហ័សមាន ៣ ដំណាក់កាលប៉ុណ្ណោះ៖
- ទាក់ទងមកផ្នែកបម្រើសេវាអតិថិជន (023 866 622)
- អនុវត្ដមានការណែនាំ និង ថតចម្លងឯកសារ ហើយចុះហត្ថលេខាលើពាក្យស្នើសុំ (កិច្ចព្រមព្រៀងអតិថិជន) រួចបញ្ជូនកិច្ចព្រមព្រៀងនេះ ជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬ ឯកសារផ្លូវការផ្សេងទៀត និងប្រាក់តម្កល់នៅភ្នាក់ងារទូទាត់សាច់ប្រាក់ (ធនាគារ)
- ព័ត៌មានលម្អិតអំពីគណនីជួញដូរ នឹងត្រូវបានផ្ញើទៅកាន់អ៊ីម៉ែលរបស់អ្នក បន្ទាប់ពីការបញ្ជាក់តាមទូរស័ព្ទត្រូវបានធ្វើឡើង។
តើមានការគិតថ្លៃសម្រាប់ការបើកគណនីទេ?
ក្រុមហ៊ុនមូលបត្រ ភីភី លីង មិនតម្រូវឱ្យមានការបង់ថ្លៃសេវាកម្មបើកគណនីនោះទេ។
តើហេតុអ្វីខ្ញុំត្រូវផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណក្នុងការបើកគណនី?
ដំណើរការនេះត្រូវបានបង្កើតឡើងដើម្បីធានានូវភាពត្រឹមត្រូវពិតប្រាកដ និងប្រសិទ្ធភាពនៃព័ត៌មានរបស់អតិថិជន ដើម្បីការពារអតិថិជនរបស់យើងពីការក្លែងបន្លំ។ ក្រុមហ៊ុនមូលបត្រ ភីភី លីង ប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់ផ្សេងៗគ្នា ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អតិថិជន។
តើព័ត៌មានអ្វីខ្លះដែលតម្រូវឱ្យមានក្នុងឯកសារបញ្ជាក់អត្តសញ្ញាណ?
ឯកសារបញ្ជាក់អត្តសញ្ញាណ អាចជាអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល ហើយមានរូបថត ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក និងភ្ជាប់មកជាមួយនូវកិច្ចព្រមព្រៀងអតិថិជន។ ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួនដែលផុតកំណត់នឹងមិនត្រូវបានទទួលយកឡើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកបានទទួលការអនុញ្ញាតក្នុងការបន្តសុពលភាពឯកសារដែលផុតកំណត់រួចហើយ សូមភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ រួមជាមួយនឹងឯកសារបន្តសុពលភាពដែលពាក់ព័ន្ធ។
តើខ្ញុំអាចប្រើអាសយដ្ឋានក្រុមហ៊ុន ជំនួសអាសយដ្ឋានស្នាក់នៅបានឬទេ?
ការបញ្ជាក់អាសយដ្ឋាន ត្រូវបានប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់អាសយដ្ឋានរបស់អ្នកដែលត្រូវបានចុះនៅក្នុងកិច្ចព្រមព្រៀងជួញដូរ។ ដោយហេតុនេះ អ្នកត្រូវតែផ្តល់អាសយដ្ឋានស្នាក់នៅរបស់អ្នកជាចាំបាច់។
តើខ្ញុំអាចប្រើប្រាស់បណ្ណបើកបររបស់ខ្ញុំជាភ័ស្តុតាងបញ្ជាក់អត្តសញ្ញាណ និងអាសយដ្ឋានបានដែរឬទេ ព្រោះវាក៏បង្ហាញអាសយដ្ឋានរបស់ខ្ញុំដែរ?
ការបញ្ជាក់អាសយដ្ឋាន ឬអត្តសញ្ញាណតាមរយៈបណ្ណបើកបរ មិនត្រូវបានទទួលយកនោះឡើយ។ អ្នកអាចប្រើអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព ឬលិខិតឆ្លងដែន ដើម្បីបញ្ជាក់អាសយដ្ឋាន និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
តើមានការគិតថ្លៃសេវាលើការដាក់ប្រាក់ដែរឬទេ?
យើងមិនគិតថ្លៃសេវាលើការដាក់ប្រាក់របស់អតិថិជនឡើយ ប៉ុន្តែយើងសូមស្នើឱ្យអ្នកទាក់ទងទៅធនាគាររបស់អ្នក ឬធនាគារអន្តរការី ដើម្បីស្វែងយល់ថា តើអាចមានការគិតថ្លៃដែរឬទេ។
តើត្រូវចំណាយពេលប៉ុន្មានជាមធ្យមដើម្បីដាក់ប្រាក់ទៅក្នុងគណនីជួញដូររបស់ខ្ញុំ?
ការដាក់សាច់ប្រាក់ និងការផ្ទេរប្រាក់តាមធនាគារ ត្រូវបានដំណើរការក្នុងរយៈពេលពីរម៉ោង ហើយជាទូទៅ មូលប្បទានបត្រត្រូវការពេលពីរថ្ងៃនៃថ្ងៃធ្វើការ។
តើការដាក់ប្រាក់ប្រភេទណាខ្លះអាចត្រូវបានចាត់ទុកជា “ការដាក់ប្រាក់ពីភាគីទីបី”?
ការដាក់ប្រាក់ពីគណនីណាមួយ ដែលផ្សេងពីគណនីរបស់ម្ចាស់គណនីជួញដូរ នឹងត្រូវបានចាត់ទុកថាជា “ការដាក់ប្រាក់ពីភាគីទីបី”។
តើក្រុមហ៊ុនមូលបត្រ ភីភី លីង ទទួលយកការដាក់ប្រាក់ពីភាគីទីបីដែរឬទេ?
ក្រុមហ៊ុនមូលបត្រ ភីភី លីង មិនទទួលយកការដាក់ប្រាក់ ឬការដកប្រាក់ពីភាគីទីបីនោះទេ។
តើខ្ញុំអាចដាក់ប្រាក់តាមរយៈគ្រឹះស្ថានប្តូរប្រាក់ដែរឬទេ?
ក្រុមហ៊ុនមូលបត្រ ភីភី លីង មិនទទួលយកការដាក់ប្រាក់តាមរយៈភ្នាក់ងារ ឬគ្រឹះស្ថានប្តូរប្រាក់នោះទេ ដោយសារស្ថាប័នហិរញ្ញវត្ថុទាំងនេះស្ថិតនៅក្រោម “ប្រភេទមានហានិភ័យខ្ពស់” ពាក់ព័ន្ធនឹងសកម្មភាពលាងសម្អាតប្រាក់។ ប្រាក់ទាំងអស់ដែលត្រូវបានដាក់តាមវិធីនេះ នឹងត្រូវប្រគល់ត្រឡប់បន្ទាប់ពីយើងទទួលបាន។
តើត្រូវចំណាយពេលប៉ុន្មានដើម្បីដាក់ប្រាក់ទៅក្នុងគណនីជួញដូររបស់ខ្ញុំតាមរយៈការផ្ទេរប្រាក់ឆ្លងធនាគារ?
ជាធម្មតា ការផ្ទេរប្រាក់ក្នុងប្រទេស ចំណាយពេលពី ១ថ្ងៃ ទៅ ២ថ្ងៃនៃថ្ងៃធ្វើការ ខណៈការផ្ទេរប្រាក់ទៅក្រៅប្រទេស ចំណាយពេលពី ៣ថ្ងៃ ទៅ ៥ថ្ងៃនៃថ្ងៃធ្វើការ។
តើខ្ញុំអាចដកប្រាក់របស់ខ្ញុំដោយរបៀបណា?
ការដកប្រាក់ពីគណនីជួញដូររបស់អ្នកពីក្រុមហ៊ុនមូលបត្រ ភីភី លីង គឺមានភាពសាមញ្ញ និងរហ័ស។ ដើម្បីដកប្រាក់ សូមបញ្ជូនទម្រង់បែបបទដកប្រាក់ទៅកាន់អ៊ីម៉ែល enquiry@ppls.com.kh។ បន្ទាប់មក យើងនឹងចាត់ចែងសំណើដកប្រាក់របស់អ្នកឱ្យបានរហ័សតាមដែលអាចធ្វើទៅបានក្នុងរយៈពេល ១ថ្ងៃ ទៅ ២ថ្ងៃនៃថ្ងៃធ្វើការ។
ប្រសិនបើអ្នកមានចម្ងល់ សូមទាក់ទងភ្នាក់ងារជើងសារបស់អ្នក ឬផ្នែកសេវាអតិថិជនសម្រាប់ជំនួយ។
ក្រុមហ៊ុនរបស់យើងតែងតែត្រៀមខ្លួនផ្ដល់សេវាកម្មជូនលោកអ្នក៖
- លេខទូរស័ព្ទ៖ +៨៥៥ (០) ២៣ ៨៦៦ ៦២២
- អ៊ីម៉ែល៖ info@ppls.com.kh
- អាសយដ្ឋាន៖ អគារហ្គោលដិនថាវវើរ ជាន់ទី៥ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ក្រុមហ៊ុនចែកចាយលក់មូលបត្រ
តើអ្វីទៅជាសេវាកម្មគោលនៃអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ?
សេវាកម្មគោលនៃអាជ្ញាបណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្រ គឺជួយវិនិយោគិនសក្តានុពលក្នុងការបញ្ជាកក់ និងទិញភាគហ៊ុននៅដំណាក់កាលដំបូង (IPO) របស់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
ហេតុអ្វីខ្ញុំគួរស្នើសុំបញ្ជាទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីជាមុន?
អត្ថប្រយោជន៍ដំបូង គឺលោកអ្នកនឹងមានសិទ្ធិទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលត្រូវចុះបញ្ជី។ ជាទូទៅ ភាគហ៊ុនដែលត្រូវប្រកាសលក់នៅដំណាក់កាលដំបូង គឺមានកំណត់ ហើយមានវិនិយោគិនជាច្រើនចង់ទិញ។ ម្យ៉ាងវិញទៀត តម្លៃភាគហ៊ុននៅផ្សារដំបូង ភាគច្រើនថោកជាងតម្លៃភាគហ៊ុននៅផ្សារបន្ទាប់។ ដូច្នេះ តាមរយៈការទទួលបានឱកាសទិញភាគហ៊ុននៅដំណាក់កាលដំបូង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន ជាងការរង់ចាំទិញនៅផ្សារបន្ទាប់។
តើតម្លៃនៅផ្សារដំបូងគឺជាអ្វី? ហើយតម្លៃនៅផ្សារបន្ទាប់ជាអ្វី?
តម្លៃនៅផ្សារដំបូង គឺត្រូវបានកំណត់សម្រាប់ការចែកចាយលក់នៅដំណាក់កាលដំបូង ឬនៅដំណាក់កាលបរិវិសកម្ម មុនពេលភាគហ៊ុនរបស់ក្រុមហ៊ុនដែលត្រូវចុះបញ្ជី ទទួលបានការចុះបញ្ជីជាផ្លូវការនៅក្នុងកម្មវិធីជួញដូរ (CSX Trade) សម្រាប់ការជួញដូរប្រចាំថ្ងៃ។ តម្លៃនៅផ្សារបន្ទាប់ គឺជាតម្លៃប្រែប្រួលបន្ទាប់ពីការបញ្ចប់រយៈពេលនៃការធ្វើបរិវិសកម្ម។
តើខ្ញុំគួរធ្វើដូចម្តេចដើម្បីបំពេញលក្ខខណ្ឌសម្រាប់ការបញ្ជាទិញទុកជាមុន?
លោកអ្នកត្រូវទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង និងផ្តល់ព័ត៌មានស្នើសុំ។លោកអ្នកអាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមវិធីសាស្រ្តខាងក្រោម៖
- ទូរស័ព្ទ៖ +៨៥៥ (០) ២៣ ៨៦៦ ៦២២
- អ៊ីម៉ែល៖ info@pplinksecurities.com.kh
- អាសយដ្ឋាន៖ អគារហ្គោលដិនថាវវើរ ជាន់ទី៥ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញប្រទេសកម្ពុជា
- គេហទំព័រ៖ www.pplinksecurities.com.kh