ក្រុមហ៊ុន មូលបត្រ ភីភី លីង រៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្ដីអំពីរបៀបទាញយកប្រាក់ចំណេញពីទីផ្សារមូលបត្រនៅកម្ពុជា
នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន មូលបត្រ ភីភី លីង បានរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញដល់អ្នកចូលរួមជាច្រើនរូប ដើម្បីបង្ហាញអំពីវិធីសាស្រ្ដជួញដូរមូលបត្រ(ភាគហ៊ុន)របស់ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។
លោក សុខ ចេងឆាយ ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន មូលបត្រ ភីភី លីង បានចែករំលែកចំណេះដឹងអំពីប្រភេទភាគហ៊ុន និងទីផ្សារភាគហ៊ុន រួមទាំងការអនុវត្តនិងអត្ថប្រយោជន៍របស់ទីផ្សារ ក៏ដូចជាយុទ្ធសាស្រ្ដក្នុងការទាញយកប្រាក់ចំណេញផងដែរ ដែលអនុញ្ញាតឱ្យអ្នកចូលរួមទាំងអស់ទទួលបាននូវទំនុកចិត្ត និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារ។
លោក សុខ ចេងឆាយ បានមានប្រសាសន៍ថា៖ «ការចូលរួមនៅក្នុងទីផ្សារភាគហ៊ុន មិនត្រឹមតែមានសារៈសំខាន់សម្រាប់បុគ្គលក្នុងការធ្វើពិពិធកម្មវិនិយោគនោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមទាំងការបង្កើនប្រតិបត្តិការហិរញ្ញវត្ថុ និងឱកាសការងារសម្រាប់ប្រជាជនកម្ពុជាផងដែរ»។