ក្រុមហ៊ុន មូលបត្រ ភីភី លីង ចូលរួមពិព័រណ៍ហិរញ្ញវត្ថុនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដើម្បីជំរុញការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា
នៅថ្ងៃទី២៤ និង ២៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន មូលបត្រ ភីភី លីង ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីពិព័រណ៍ហិរញ្ញវត្ថុនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដែលជាផ្សារទំនើបដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ។ កម្មវិធីដែលមានរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីទីផ្សារហិរញ្ញវត្ថុ រួមទាំងទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារមូលបត្រ។
ជាលទ្ធផល កម្មវិធីនេះបានទាក់ទាញអ្នកចូលមកទស្សនាជាច្រើន ស្របពេលដែលក្រុមហ៊ុនរៀបចំកម្មវិធីមានការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការសម្រេចឱ្យបាននូវគោលបំណងរបស់ខ្លួន ដូចជា៖ ការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលសម្បូរដោយអត្ថប្រយោជន៍ ការចាប់ផ្តើមវិនិយោគដែលគ្មានភាពស្មុគស្មាញ ការប្រឹក្សាយោបល់លើការវិនិយោគដែលអាចស្វែងរកបានយ៉ាងងាយស្រួល ជំនួយនៅគ្រប់ដំណាក់កាលក្នុងការបង្កើតទ្រព្យសម្បត្តិ និងចំណុចពិសេសៗជាច្រើនទៀត។ ជាងនេះទៅទៀត ពួកគាត់ក៏បានរីករាយជាមួយនឹងការលេងហ្គេមដើម្បីឈ្នះរង្វាន់ និងសកម្មភាពសប្បាយៗផងដែរ។
លោក ជា សុធា ដែលជាអគ្គនាយក និងជាអភិបាលនៃក្រុមហ៊ុន មូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនយើងតែងតែមានការតាំងចិត្ដខ្ពស់ក្នុងការដើរតួជាស្ពានសម្រាប់ភ្ជាប់សាធារណជនទៅនឹងទីផ្សារហិរញ្ញវត្ថុ ពីព្រោះយើងជឿជាក់ថា ការវិនិយោគលើទីផ្សារហិរញ្ញវត្ថុនឹងជួយឱ្យជីវភាពរបស់យើងកាន់តែល្អប្រសើរ។ ដូច្នេះ ការផ្តល់ជូនការអប់រំផ្នែកវិនិយោគ គឺជាវិធីសាស្រ្ដដ៏ត្រឹមត្រូវមួយសម្រាប់អតិថិជនរបស់យើង ដើម្បីឱ្យពួកគាត់ទទួលបានជំនាញជួញដូរដែលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ក៏ដូចជាជួយបង្កើនទំនុកចិត្តដល់ពួកគាត់ក្នុងការចាប់ផ្តើមដំណើរវិនិយោគហិរញ្ញវត្ថុ»។
ចំណុចសំខាន់មួយទៀតដែលយើងទាំងអស់គ្នាគួរចងចាំនោះគឺ សេរីភាពហិរញ្ញវត្ថុមានតែសម្រាប់អ្នកដែលមានឆន្ទៈក្នុងការសិក្សា និងអនុវត្តនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុតែប៉ុណ្ណោះ។ នៅក្រុមហ៊ុន មូលបត្រ ភីភី លីង យើងផ្តល់អាទិភាពលើការអប់រំដល់អតិថិជនដោយឥតគិតថ្លៃ ពីព្រោះយើងជឿថា វាជាចំណុចចាប់ផ្តើមដែលមានលក្ខណៈលើកទឹកចិត្តបំផុត និងបង្កើតបាននូវគ្រឹះដ៏រឹងមាំ ដើម្បីទាញយកអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាននាពេលអនាគត។ តាមរយៈការផ្ដល់ជូននេះ យើងនឹងអាចធ្វើឱ្យមានភាពល្អប្រសើរលើផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន គុណតម្លៃនៃអាជីវកម្មរបស់ក្រុមហ៊ុនយើង និងសេដ្ឋកិច្ចជាតិរបស់យើងទាំងមូលផងដែរ។
បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ចិត្តពីកម្មវិធីនេះ ក្រុមហ៊ុន មូលបត្រ ភីភី លីង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកមកទស្សនាពិព័រណ៍ ក្រុមហ៊ុនរៀបចំកម្មវិធី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីនេះពោរពេញដោយអត្ថប្រយោជន៍ និងអត្ថន័យ។ ក្នុងនាមជាភាគីពាក់ព័ន្ធនៃនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា យើងនឹងនៅតែបន្ដផ្តួចផ្តើម និងចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់ ក្រោមស្មារតីលើកកម្ពស់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើឱ្យប្រទេសមួយនេះក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់អ្នកជួញដូរ និងវិនិយោគិននៅជុំវិញពិភពលោកមកបណ្តាក់ទុនវិនិយោគ។