ក្រុមហ៊ុនមូលបត្រ ភីភី លីង សហការរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការយល់ដឹងអំពីការវិនិយោគហិរញ្ញវត្ថុ» នៅសាកលវិទ្យាល័យធនធានមនុស្ស
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានសហការរៀបចំសិក្ខាសាលាស្ដីពី «សារៈសំខាន់នៃការស្វែងយល់អំពីការវិនិយោគផ្នែកហិរញ្ញវត្ថុ» ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការស្វែងយល់បន្ថែមអំពីការវិនិយោគតាមបែបបច្ចេកវិទ្យា ក៏ដូចជាដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) សាកលវិទ្យាល័យធនធានមនុស្ស (ស.ធ.ម) ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល ដោយមានគោលបំណងដូចគ្នា ក្នុងការជួយលើកកម្ពស់ដល់ការវិនិយោគហិរញ្ញវត្ថុ ក៏ដូចជាការបង្ហាញពីអត្ថប្រយោជន៍ទីផ្សារ ផែនការយុទ្ធសាស្រ្ត និងការគ្រប់គ្រងហានិភ័យជាដើម។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ ស.ធ.ម និងត្រូវបានផ្ដល់កិត្ដិយសចូលរួមដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក និង ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការនៃ ស.ធ.ម ដែលលោកទាំងពីរបានថ្លែងសុន្ទរកថាចែករំលែកនូវគតិបណ្ឌិតល្អៗជុំវិញប្រធានបទសិក្ខាសាលា និងបានបង្ហាញការកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងក្នុងការបង្កើតសិក្ខាសាលានេះឡើង។ គណៈអធិបតីទាំងពីរក៏បានបង្ហាញការស្វាគមន៍ចំពោះកិច្ចសហការនានានៅពេលអនាគត។
សិក្ខាសាលានេះក៏មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ និងអ្នកដែលស្វែងរកចំណេះដឹងទីផ្សារបន្ថែមសម្រាប់ការវិនិយោគហិរញ្ញវត្ថុរបស់ពួកគាត់ និងមានវាគ្មិនជំនាញចំនួនពីររូបដែលបានឡើងបកស្រាយ។ ប្រធានបទទី១៖ «តើការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុសកលអាចជួយអ្នកយ៉ាងដូចម្តេចខ្លះ?» ត្រូវបានធ្វើបទបង្ហាញដោយលោក George Black ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល និងប្រធានបទទី២៖ «សន្ទនីយភាព និងលទ្ធភាពប្រើប្រាស់» ត្រូវបានធ្វើបទបង្ហាញដោយលោក ឡុង សំណាង ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង។
តាមរយៈការធ្វើបទបង្ហាញទាំងពីរនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់ពីទិដ្ឋភាពមូលដ្ឋាននៃការវិនិយោគហិរញ្ញវត្ថុដែលមាននៅជុំវិញទីផ្សារកម្ពុជា និងពិភពលោក។ ជារួម ប្រធានបទទាំងពីរចង់បង្ហាញថា ការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុ គឺជាកក្ដាចាំបាច់មួយ។ មិនថាយើងមានអាជីព មុខជំនួញ ឬការងារក្នុងវិស័យណាមួយទេ ចំណេះដឹងផ្នែកទីផ្សារហិរញ្ញវត្ថុអាចជួយឱ្យយើងសម្រេចការងារទាំងនោះបានកាន់តែប្រសើរ។
ដោយយល់ឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់នៅក្នុងគ្រប់វិស័យ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល ក្រុមហ៊ុនមូលបត្រ ភីភី លីង មានសោមនស្សដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណើរបេសកកម្មមួយនេះ។
ក្រុមហ៊ុនមូលបត្រ ភីភី លីង សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ស.ធ.ម និងការគាំទ្ររបស់ ន.ម.ក។ យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបម្រើជាប្រយោជន៍ដ៏ល្អមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។