ក្រុមហ៊ុនមូលបត្រ ភីភី លីង សហការរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការយល់ដឹងអំពីការវិនិយោគហិរញ្ញវត្ថុ» នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានសហការរៀបចំសិក្ខាសាលាស្ដីពី «សារៈសំខាន់នៃការស្វែងយល់អំពីការវិនិយោគផ្នែកហិរញ្ញវត្ថុ» ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការស្វែងយល់បន្ថែមអំពីការវិនិយោគតាមបែបបច្ចេកវិទ្យា ព្រមទាំងជួយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល ដោយមានគោលបំណងដូចគ្នា ក្នុងការលើកកម្ពស់ការវិនិយោគហិរញ្ញវត្ថុ រួមទាំងការបង្ហាញពីអត្ថប្រយោជន៍ទីផ្សារ ផែនការយុទ្ធសាស្រ្ត និងការគ្រប់គ្រងហានិភ័យជាដើម។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងត្រូវបានផ្ដល់កិត្ដិយសចូលរួមដោយ ឯកឧត្តម បណ្ឌិត វិន ភក្ដី អគ្គនាយករងនៃ ន.ម.ក និង ឯកឧត្តម សួស សោភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយលោកទាំងពីរបានថ្លែងសុន្ទរកថាចែករំលែកនូវគតិបណ្ឌិតល្អៗជុំវិញប្រធានបទសិក្ខាសាលា និងបានបង្ហាញការកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងក្នុងការបង្កើតសិក្ខាសាលានេះឡើង។
សិក្ខាសាលានេះក៏មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ និងអ្នកដែលស្វែងរកចំណេះដឹងទីផ្សារបន្ថែមសម្រាប់ការវិនិយោគហិរញ្ញវត្ថុរបស់ពួកគាត់ និងមានវាគ្មិនជំនាញចំនួនពីររូបដែលបានឡើងបកស្រាយ។ ប្រធានបទទី១៖ «សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអ្នក» ត្រូវបានធ្វើបទបង្ហាញដោយលោក ឡុង សំណាង ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង និង ប្រធានបទទី២៖ «តើការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុសកលអាចជួយអ្នកយ៉ាងដូចម្តេចខ្លះ?» ត្រូវបានធ្វើបទបង្ហាញដោយលោក George Black ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល ។
តាមរយៈការធ្វើបទបង្ហាញទាំងពីរនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់ពីទិដ្ឋភាពមូលដ្ឋាននៃការវិនិយោគហិរញ្ញវត្ថុដែលមាននៅជុំវិញទីផ្សារកម្ពុជា និងពិភពលោក។ ជារួម ប្រធានបទទាំងពីរចង់បង្ហាញថា ការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុ គឺជាកត្តាចាំបាច់មួយ។ មិនថាយើងមានអាជីព មុខជំនួញ ឬការងារក្នុងវិស័យណាមួយទេ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យយើងសម្រេចការងារទាំងនោះបានកាន់តែប្រសើរ។
ដោយយល់ឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់នៅក្នុងគ្រប់វិស័យ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី មានសោមនស្សដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណើរបេសកកម្មនេះ។
ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងការគាំទ្ររបស់ ន.ម.ក។ យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបម្រើជាប្រយោជន៍ដ៏ល្អមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។