ក្រុមហ៊ុន មូលបត្រ ភីភី លីង ចូលរួមកម្មវិធី «ដំណើរកម្សាន្ដនៃការកសាងស្មារតីក្រុម»
នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន មូលបត្រ ភីភី លីង បានចូលរួមក្នុង «ដំណើរកម្សាន្ដនៃការកសាងស្មារតីក្រុម» ដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្តាលរបស់យើង។ កម្មវិធីដំណើរកម្សាន្តលើកនេះពិតជាប្រកបដោយអត្ថន័យ និងគួរឱ្យចាប់អារម្មណ៍ ដោយមានការចូលរួមពីសមាជិកនៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ផ្សេងទៀតផងដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅកសិដ្ឋានអមរៈ ដែលជាអាហារដ្ឋាន ហាងកាហ្វេ និងផ្ទះលំហែ ស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ក្នុងគោលបំណងបង្កើតនូវវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកចូលរួមទាំងអស់អាចចែករំលែកនូវបទពិសោធន៍និងការយល់ឃើញផ្ទាល់ខ្លួន ប្រឈមមុខនឹងរឿងថ្មីៗ និងពង្រឹងស្មារតីសាមគ្គីក្រុម ដើម្បីសម្រេចគោលដៅរួម។ រាល់សកម្មភាព និងការលេងហ្គេមទាំងអស់សុទ្ធតែត្រូវបានរៀបចំឡើងយ៉ាងល្អ ជាមួយនឹងគោលបំណងអប់រំជាក់លាក់។
លោក ជា សុធា ដែលជាអគ្គនាយក និងជាអភិបាលនៃក្រុមហ៊ុន មូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «មានវិធីសាស្រ្ដជាច្រើនសម្រាប់ការរៀបចំដំណើរកម្សាន្ដមួយដែលអាចកសាងស្មារតីជាក្រុមបាន ប៉ុន្ដែលើកនេះវាមានលក្ខខណ្ឌល្អប្រសើរ និងមានភាពស្រស់ស្រាយច្រើន ដែលអាចជួយឱ្យយើងបង្កើនថាមពល និងជំរុញការប្តេជ្ញាចិត្តរបស់យើង។ ដោយភ្ជាប់ទៅនឹងបរិយាកាសបែបនេះ ខ្ញុំមើលឃើញថា យើងទាំងអស់គ្នាបានរៀនអំពីរបៀបបង្កើតក្រុមដែលមានអានុភាព និងស្មារតីខ្ពស់។ ប្រាកដណាស់ថា នេះជាមេរៀនដ៏ល្អមួយសម្រាប់ការងាររបស់យើងនៅថ្ងៃអនាគត»។
ក្រោមការចូលរួមពីបណ្តាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទនានា និងសមាជិកមកពីក្រុមហ៊ុនដៃគូផ្សេងទៀត ការរួបរួមគ្នាជាក្រុមដើម្បីសម្រេចបាននូវគោលដៅរួមមួយ បានបង្ហាញឱ្យឃើញនូវកិច្ចសហការគ្នាយ៉ាងរលូន និងផ្លែផ្កាលើសពីការរំពឹងទុក ទោះបីជាត្រូវប្រឈមនឹងសកម្មភាពដែលមិនបានគ្រោងទុកជាមុនក៏ដោយ។
តាំងពីកិច្ចចាប់ផ្តើមរហូតដល់កិច្ចបញ្ចប់នៃកម្មវិធី អ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្ដ និងចូលរួមមួយរយភាគរយក្នុងគ្រប់សកម្មភាពទាំងអស់ និងបានឡើងចែករំលែកការយល់ឃើញផ្ទាល់ខ្លួនទាក់ទងទៅនឹងកម្មវត្ថុនៃសកម្មភាព ឬហ្គេមនីមួយៗ។ ជាលទ្ធផល ទាំងអស់គ្នាបានទទួលនូវចំណាប់អារម្មណ៍រួមគ្នាមួយ នោះគឺ នៅពេលដែលគោលដៅមួយត្រូវបានកំណត់ ហើយស្មារតីក្រុមត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងរឹងមាំ នោះលទ្ធផលនឹងល្អលើសពីការកំណត់។ នេះសបញ្ជាក់ថា នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង មិនថាជាគ្រួសារ ទំនាក់ទំនងដៃគូ ឬ ការងារនោះទេ យើងតែងតែត្រូវការក្រុមការងារ ឬដៃគូដ៏ល្អមួយ ដើម្បីទទួលបានសមិទ្ធផលច្រើនបំផុត។
ដូច្នេះ យើងសង្ឃឹមថា អ្នកចូលរួមទាំងអស់ក៏នឹងនាំយកមេរៀន ការប្តេជ្ញាចិត្ត និងស្មារតីសាមគ្គី ដែលទទួលបានពីកម្មវិធីនេះ ទៅអនុវត្តសម្រាប់ការងារប្រចាំថ្ងៃ មិនថានៅក្នុងក្រុម ផ្នែក ក្រុមហ៊ុន និងកិច្ចសហការណាមួយនោះទេ ដើម្បីបន្ថែមថាមពលដល់ការងារក្រុម និងសម្រេចគោលដៅកាន់តែប្រសើរ។
យើងពិតជាមានសោមនស្ស ដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យនេះ។ ការចូលរួមនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រោះយើងនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើដើម្បីបំប៉នស្មារតីការងារជាក្រុម។ ដូច្នេះ យើងនឹងបន្តផ្តួចផ្តើម គាំទ្រ ឬចូលរួមរាល់សកម្មភាពដែលធ្វើឱ្យការងារ ស្មារតីក្រុម និងជីវិតរបស់យើងគ្រប់គ្នាកាន់តែរីកចម្រើនឡើង។