ក្រុមហ៊ុនមូលបត្រ ភីភី លីង ជួបប្រជុំជាមួយសមាគមជប៉ុន ដើម្បីលើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញវិនិយោគិនជប៉ុនឱ្យស្វែងរកឱកាសនៅកម្ពុជា
នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានប្រជុំជាមួយសមាគមជប៉ុនដែលត្រូវបានដឹកនាំដោយលោក Toshiyuki Utaka។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ និងមានការចូលរួមពីវិនិយោគិន ក៏ដូចជាតំណាងជាច្រើននៃក្រុមហ៊ុនខ្នាតតូចនិងមធ្យម ក្នុងប្រទេសកម្ពុជា ជប៉ុន និងតៃវ៉ាន់។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើតវេទិកាបើកចំហមួយ ដែលព័ត៌មានអាជីវកម្ម ឱកាសវិនិយោគ និងលទ្ធភាពនៃកិច្ចសហប្រតិបត្ដិការ អាចត្រូវបានលើកមកពិភាក្សា។ ក្នុងអំឡុងកិច្ចប្រជុំ ភាគីជប៉ុន និងកម្ពុជា បានផ្លាស់ប្តូរយោបល់គ្នា ដើម្បីណែនាំ អភិវឌ្ឍ និងពង្រីកអាជីវកម្ម និងការវិនិយោគថ្មីៗ រវាងក្រុមហ៊ុនទាំងអស់ ទាំងនៅក្នុងតំបន់ និងក្រៅតំបន់។
ពីក្រុមហ៊ុនមូលបត្រ ភីភី លីង លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាល និង លោក Naoto Arase ដែលជាប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើជាតំណាងក្រុមហ៊ុនក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ និងបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យមូលបត្រ ឧបករណ៍និស្សន្ទ និងសេវាប្រឹក្សាសាជីវកម្មជាដើម។
នៅក្នុងបទបង្ហាញ លោក ជា សុធា និងលោក Naoto Arase ក៏បានលើកឡើងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមជាមួយនឹងលក្ខខណ្ឌវិនិយោគដ៏អំណោយផល ដែលទាំងអស់នេះជាចំណុចទាក់ទាញបំផុតសម្រាប់វិនិយោគិនសក្ដានុពល ក្នុងការជ្រើសរើសប្រទេសកម្ពុជាជាគោលដៅពង្រីកអាជីវកម្មអាទិភាពរបស់ខ្លួន។ កត្តានេះនឹងបន្ថែមគុណតម្លៃយ៉ាងសំខាន់ដល់ទិដ្ឋភាពជាច្រើនទៀតនៃការអភិវឌ្ឍរបស់កម្ពុជា។
ក្រុមហ៊ុន មូលបត្រ ភីភី លីង សូមថ្លែងអំណរគុណចំពោះឱកាសនេះ ហើយក្រុមហ៊ុននឹងនៅតែប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីជួយដល់វិនិយោគិនជប៉ុន និងក្រុមហ៊ុននានាក្នុងការធ្វើពិពិធកម្មវិនិយោគ ដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញការវិនិយោគបរទេសមកពីជុំវិញពិភពលោក។