ក្រុមហ៊ុនមូលបត្រ ភីភី លីង រួមចំណែកដល់ភាពជោគជ័យនៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៤
ជាថ្មីម្ដងទៀត ក្រុមហ៊ុនមូលបត្រ ភីភី លីង បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ទាំងប្រសិទ្ធភាពនៃការផ្សព្វផ្សាយអំពីទីផ្សារ និងការបើកគណនីជួញដូរថ្មី នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៤ ឬ «My First Stock 2024»។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ និងដឹកនាំដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក) កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ។
ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមដោយមោទកភាពក្នុងនាមជាអ្នកឧបត្ថម្ភ និងសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន ក៏ដូចជាសម្រាប់កំណើនទីផ្សារទាំងមូល តាមរយៈការបើកគណនីជួញដូរថ្មីជាច្រើន ក្នុងរយៈពេលបីថ្ងៃនៃកម្មវិធីនេះ។ ទិន្នន័យនេះ បានបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនមូលបត្រ ភីភី លីង គឺជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រដ៏ឆ្នើមបំផុតមួយ។
លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «លទ្ធផលដែលយើងទទួលបានក្នុងពេលនេះ បានបង្ហាញពីការចាប់អារម្មណ៍ និងចំណេះដឹងកាន់តែច្រើនឡើងរបស់សាធារណជនក្នុងការវិនិយោគមូលបត្រ ដែលនិយ័តករទីផ្សារ ប្រតិបត្តិករទីផ្សារ ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និងភាគីពាក់ព័ន្ធទាំងអស់ តែងតែព្យាយាមផ្សព្វផ្សាយកន្លងមក។ ជាក់ស្ដែង ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ជាមួយនឹងសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ក្រោមការដឹកនាំរបស់ ផ.ម.ក ក៏ជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ភាពជោគជ័យទាំងក្នុងពេលនេះ និងពេលអនាគត ដែលយើងត្រូវតែសម្តែងការអរគុណឱ្យអស់ពីចិត្ដ»។
លោកបានបន្ថែមទៀតថា៖ «ដោយក្រុមហ៊ុនយើងមានគោលបំណងបង្កើនការយល់ដឹងអំពីទីផ្សារមូលបត្រឱ្យកាន់តែទូលំទូលាយ និងដើម្បីផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្មហិរញ្ញវត្ថុជុំវិញទីផ្សារនៅកម្ពុជា ជាពិសេសវិស័យមូលបត្រដូចជា ភាគហ៊ុន និងប័ណ្ណបំណុល តាមរយៈការចូលរួមពិព័រណ៍នេះ យើងបានជួប ពិភាក្សា ប្រឹក្សាយោបល់ និងគាំទ្រយ៉ាងសកម្មដល់វិនិយោគិនសក្តានុពលទាំងអស់»។
លើសពីនេះទៅទៀត វិនិយោគិនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគភាគហ៊ុន ក៏អាចចុះឈ្មោះស្នើសុំលេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃ ខណៈដែល ក្រុមហ៊ុនមូលបត្រ ភីភី លីង បានផ្ដល់ជូនភាគហ៊ុនជាច្រើនតាមរយៈការលេងហ្គេម សម្រាប់វិនិយោគិនដែលបានបើកគណនីជួញដូរក្នុងអំឡុងពេលនៃកម្មវិធី ព្រមទាំងបានផ្ដល់ការបញ្ចុះតម្លៃ ៥០% លើប្រតិបត្តិការជួញដូរសម្រាប់វិនិយោគិនដែលបើកគណនីជួញដូរជាមួយក្រុមហ៊ុន ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។
លោក ជា សុធា បានបញ្ជាក់ទៀតថា៖ «ការផ្ដល់ជូនភាគហ៊ុន និងការបញ្ចុះតម្លៃលើប្រតិបត្តិការជួញដូរនេះ គឺសម្រាប់លើកទឹកចិត្តឱ្យអតិថិជនរបស់យើងអាចធ្វើពិពិធកម្មផលប័ត្រវិនិយោគបន្ថែម ដើម្បីបង្កើនសេរីភាពហិរញ្ញវត្ថុរបស់ពួកគាត់ តាមរយៈការវិនិយោគដើមទុនជាមួយក្រុមហ៊ុនណាមួយដែលបានចុះបញ្ជីក្នុង ផ.ម.ក»។
បន្ថែមពីលើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករទីផ្សារ ប្រតិបត្តិករទីផ្សារ មិត្តភ័ក្តិ អតិថិជន និងអ្នកចូលរួមទាំងអស់ដែលបានជឿទុកចិត្តលើក្រុមហ៊ុនរបស់ខ្លួន និងបានរួមគ្នាធ្វើឱ្យការតាំងពិព័រណ៍នេះទទួលបានជោគជ័យយ៉ាងធំធេង ក្រុមហ៊ុនមូលបត្រ ភីភី លីង បានសន្យាថានឹងបន្ដផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ និងភាពគួរឱ្យទុកចិត្តសម្រាប់អតិថិជនរបស់ខ្លួន ព្រមទាំងសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងវិស័យហិរញ្ញវត្ថុអន្តរជាតិផងដែរ។