ខេត្ដសៀមរាប – គោលដៅទី២ នៃសិក្ខាសាលាទូទាំងប្រទេសរដូវកាលទី២ របស់ក្រុមហ៊ុន មូលបត្រ ភីភី លីង
ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលមានអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ អាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ និងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ បានសហការរៀបចំសិក្ខាសាលាទូទាំងប្រទេស (រដូវកាលទី២) ក្រោមប្រធានបទ «សារៈសំខាន់នៃការស្វែងយល់អំពីការវិនិយោគផ្នែកហិរញ្ញវត្ថុ»។
គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់នូវការអប់រំផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ឱកាសវិនិយោគហិរញ្ញវត្ថុក្នុងទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារមូលបត្រនៅកម្ពុជា ព្រមទាំងចែករំលែកព័ត៌មានសំខាន់ៗផ្សេងទៀតទាក់ទងនឹងការវិនិយោគ។
បន្ទាប់ពីបញ្ចប់គោលដៅទី១ នៅខេត្ដកំពង់ធំ គោលដៅទី២ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ដសៀមរាប។
លើសពីនេះទៅទៀត កម្មវិធីនេះត្រូវបានចូលរួមយ៉ាងកុះករ និងសម្រេចបាននូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការបង្កើនលទ្ធភាពប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសម្រាប់សាធារណជន ព្រមទាំងផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលទូលំទូលាយជាងមុន។
ឯកឧត្ដម អ៊ឹង គឹមលាង បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះឡើង ព្រោះយ៉ាងហោចណាស់ វាអាចជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងធ្វើបច្ចុប្បន្នភាពការយល់ដឹងរបស់ពួកគាត់ ដើម្បីចូលរួមក្នុងដំណើរវិនិយោគដ៏ត្រឹមត្រូវមួយនាពេលអនាគត។ ដូច្នេះ ឯកឧត្ដមនឹងបើកទទួលស្វាគមន៍សម្រាប់ឱកាសលើកក្រោយៗទៀត។
បន្ថែមពីនេះ លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «យើងមានមោទកភាពក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា៖ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ការតាំងពិព័រណ៍ ការវិភាគ ការផ្សាយផ្ទាល់ និងកម្មវិធីជាច្រើនទៀត ដែលសុទ្ធសឹងជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់កំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ»។
លោកបានបន្ថែមទៀតថា៖ «ក្រុមហ៊ុនរបស់យើងមានអ្នកជំនាញផ្នែកទីផ្សារហិរញ្ញវត្ថុជាច្រើន ហើយយើងយល់ច្បាស់ថា រាល់ការវិនិយោគតែងមានហានិភ័យមួយចំនួន។ នេះហើយជាមូលហេតុដែលយើងមកទីនេះ និងកន្លែងផ្សេងទៀត ម្តងហើយម្តងទៀត ដើម្បីផ្ដល់ការអប់រំដល់សាធារណជន អំពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលយើងគួរអនុវត្ត ដើម្បីកែលម្អដំណើរការវិនិយោគរបស់យើង។ លោកអ្នកប្រហែលជាមិនទាន់គិតថា វាចាំបាច់សម្រាប់អ្នកនៅពេលនេះទេ ប៉ុន្តែអ្នកប្រហែលជាត្រូវគិតអំពីវានៅពេលណាមួយ ពីព្រោះថាពិភពហិរញ្ញវត្ថុ គឺមាននៅគ្រប់ទីកន្លែង។ ហើយ វានឹងកាន់តែប្រសើរ ប្រសិនបើលោកអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់»។
សិក្ខាសាលានៅគោលដៅទី២ សម្រាប់រដូវកាលទី២ នេះ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានការធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ពីលោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ដោយបានលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមយ៉ាងច្រើន ទាក់ទងនឹងទីផ្សារឧបករណ៍និស្សន្ទ ទីផ្សារមូលបត្រ និងសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទៅ។