ផ្សារមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ហើយចាប់តាំងពីបើកដំណើរការមក ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី មានការកើនឡើងជាលំដាប់។ ទោះជាយ៉ាងនេះក្ដី តួលេខដែលទទួលបាន នៅមានកម្រិតទាបនៅឡើយ ទោះបីជាការចុះបញ្ជីមានគុណសម្បត្តិជាច្រើនក៏ដោយ។ ដូចដែលបានកត់សម្គាល់ ម្ចាស់ក្រុមហ៊ុនភាគច្រើនប្រហែលជាមិនបានដឹងច្បាស់ពីអត្ថប្រយោជន៍ដែលក្រុមហ៊ុនពួកគាត់នឹងទទួលបានពីការចុះបញ្ជីក្នុងផ្សារមូលបត្រនោះទេ។ ដូច្នេះ ចំណុចខាងក្រោមនេះ នឹងពណ៌នាគុណសម្បត្ដិសំខាន់ៗដែលម្ចាស់ក្រុមហ៊ុនទាំងអស់គួរពិចារណា។
១. អាចចូលដំណើរការក្នុងទីផ្សារមូលធន និងទីផ្សារហិរញ្ញវត្ថុនាពេលអនាគតនៅក្នុងតំបន់អាស៊ាន
នៅពេលដែលក្រុមហ៊ុនមួយឈានដល់កម្រិតជាក់លាក់ណាមួយនៃភាពរីកចម្រើន ម្ចាស់ក្រុមហ៊ុនទាំងនោះ ប្រហែលជាត្រូវការស្វែងរកដើមទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្មបន្តទៀត ឬដើម្បីសម្រចនូវផែនការអាជីវកម្មរបស់ពួកគាត់។ ដូច្នេះ វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តដែលត្រូវបានគេណែនាំច្រើនបំផុតនោះ គឺការបោះផ្សាយលក់មូលបត្រជាសាធារណៈ។ នេះមានន័យថា ម្ចាស់ក្រុមហ៊ុន អាចចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រ។
ការបោះផ្សាយលក់មូលបត្រជាសាធារណៈ អនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវការទទួលស្គាល់កាន់តែខ្លាំងនៅក្នុងទីផ្សារ និងមានឱកាសខ្ពស់ក្នុងការបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ ជាលទ្ធផលនៃភាពប្រសើរឡើងនៃរូបភាព និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជាសាធារណៈ ការកើនឡើងនៃម្ចាស់ភាគហ៊ុននឹងកើតមានឡើង ហើយដើមទុនរបស់ក្រុមហ៊ុននឹងមានការកើនឡើងដូចគ្នាដែរ។
២. មានកិត្ដិនាម និងប្រជាប្រិយភាពជាក្រុមហ៊ុនចុះបញ្ជី
ដូចដែលបានរៀបរាប់ខាងលើ ការចុះបញ្ជីក្រុមហ៊ុននៅលើផ្សារមូលបត្រ ផ្ដល់ផលវិជ្ជមានយ៉ាងច្រើនដល់កេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់ក្រុមហ៊ុន។ ឥទ្ធិពលនៃរូបភាព និងកេរ្តិ៍ឈ្មោះជាសាធារណៈ នឹងបង្កើនភាពមើលឃើញ និងភាពជាទីទុកចិត្តរបស់ក្រុមហ៊ុន ពីព្រោះថាក្រុមហ៊ុននីមួយៗត្រូវឆ្លងកាត់នីតិវិធីដ៏តឹងរឹង ដើម្បីក្លាយជាក្រុមហ៊ុនដែលបានចុះបញ្ជីដោយជោគជ័យនៅលើផ្សារមូលបត្រ។
មិនត្រឹមតែសម្រាប់គោលបំណងបង្កើនដើមទុនប៉ុណ្ណោះទេ ក្រុមហ៊ុនក៏អាចទាក់ទាញសមាជិកក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពខ្ពស់ អតិថិជន វិនិយោគិន និងនិយោជិតដែលមានទេពកោសល្យផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺ វាជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនក្នុងការទទួលបានការទទួលស្គាល់ពីសមភាគីឯកជន និងក្រុមហ៊ុនប្រកួតប្រជែងរបស់ខ្លួន។
៣. គណនេយ្យភាព
ក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារមូលបត្រ ត្រូវបានគេវាយតម្លៃថាជាក្រុមហ៊ុនមានគណនេយ្យភាពហិរញ្ញវត្ថុល្អប្រសើរ។ នេះមានន័យថា ក្រុមហ៊ុនទាំងនោះត្រូវគោរពតាមវិធាននៃផ្សារមូលបត្រយ៉ាងតឹងរឹង ព្រមទាំងមានតម្លាភាពលើរបាយការណ៍ហិរញ្ញវត្ថុ។ ចំណុចនេះក៏អនុញ្ញាតឱ្យក្រុមហ៊ុនដែលបានចុះបញ្ជី អាចបង្ហាញពីសកម្មភាពទទួលខុសត្រូវរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនទាំងអស់។ ដូច្នេះ ក្រុមហ៊ុនដែលបានចុះបញ្ជី និងមានគណនេយ្យភាពល្អ មានអត្រាឈានដល់ភាពជោគជ័យខ្ពស់។
៤. មានភាពងាយស្រួលក្នុងការរកទីផ្សារ និងភាពសម្បូរបែបនៃសន្ទនីយភាព
ការចុះបញ្ជីក្រុមហ៊ុននៅលើផ្សារមូលបត្រ អនុញ្ញាតឱ្យម្ចាស់ភាគហ៊ុនមានឱកាសកត់សម្គាល់តម្លៃនៃការវិនិយោគរបស់ពួកគេ។ ម្ចាស់ភាគហ៊ុន នឹងទទួលបានការយល់ដឹង និងទិសដៅសំខាន់ៗថាតើទុនវិនិយោគរបស់ពួកគេត្រូវបានប្រើប្រាស់ទៅលើអ្វីខ្លះ បន្ទាប់ពីបានវិនិយោគជាមួយក្រុមហ៊ុនចុះបញ្ជី។ ម្ចាស់ភាគហ៊ុន ក៏អាចចែករំលែកហានិភ័យ និងទទួលបានអត្ថប្រយោជន៍ពីភាពរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។
៥. បង្កើនគុណតម្លៃបុគ្គលិក និងផលិតភាពការងារ
ក្រុមហ៊ុនដែលបានចុះបញ្ជី មានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដែលជាកត្ដាជំរុញគុណតម្លៃរបស់បុគ្គលិក និងផលិតភាពការងារ។ និយោជិត គឹជាឆ្អឹងខ្នង និងកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្ម ដូច្នេះ វាចាំបាច់ណាស់ក្នុងការបង្កើនផលិតភាពការងាររបស់បុគ្គលិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាចជួយដល់ផ្នែកធនធានមនុស្សក្នុងការរើសបុគ្គលិកថ្មីដែលមានទេពកោសល្យ និងសមត្ថភាពឱ្យចូលរួមជាមួយក្រុមហ៊ុនយ៉ាងងាយស្រួល តាមរយៈកេរ្ដិ៍ឈ្មោះល្បីល្បាញរបស់ក្រុមហ៊ុន។
៦. ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
ការចុះបញ្ជីក្រុមហ៊ុននៅក្នុងផ្សារមូលបត្រ គឺមានន័យថាម្ចាស់ក្រុមហ៊ុនបានបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច។ ជាលទ្ធផល ក្រុមហ៊ុន ក៏ដូចជាម្ចាស់ក្រុមហ៊ុនផ្ទាល់ នឹងចូលរួមចំណែកជាបន្ដបន្ទាប់ដល់កំណើនសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា។
ជាទូទៅ ម្ចាស់ក្រុមហ៊ុននឹងប្រឈមមុខជាមួយបញ្ហាចម្បងមួយចំនួន នៅក្នុងដំណើរការយ៉ាងម៉ត់ចត់ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារមូលបត្រ។ ដោយហេតុនេះ ពួកគាត់ត្រូវបានណែនាំឱ្យស្វែងរកជំនួយពីអ្នកដែលមានវិជ្ជាជីវៈខ្ពស់ ដែលអាចសម្របសម្រួលដំណើរការចុះបញ្ជីប្រកបដោយប្រសិទ្ធភាព។