ក្រុមហ៊ុនមូលបត្រ ភីភី លីង រៀបចំសិក្ខាសាលាការងារ ដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជា
ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលាការងារដោយជោគជ័យ ដើម្បីលើកកម្ពស់ឱកាសការងារឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតម្រង់ទិសបេក្ខជនដែលមានសក្តានុពលក្នុងការចាប់យកឱកាសការងារឱ្យបានត្រឹមត្រូវ ជាមួយនឹងទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍវិថីការងារ។
កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានផ្ដល់ជូនអ្នកចូលរួមនូវបទបង្ហាញប្រកបដោយអត្ថន័យ ដោយពួកគាត់អាចទទួលបានចំណេះដឹងថ្មីៗ ទាក់ទងនឹងឱកាសការងារ ការពង្រឹងសមត្ថភាពការងារ និងការបង្កើតប្រាក់ចំណូលជាដើម។
ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បេសកកម្មរបស់យើង គឺនាំយកក្រុមអន្តជាតិជំនាញ ប្រវត្តិនៃភាពជោគជ័យ ចំណេះដឹង និងជំនាញ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃទីផ្សារហិរញ្ញវត្ថុ ផ្លាស់ប្តូរកម្រិតបរិបទនិងចក្ខុវិស័យនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុនៅកម្ពុជា បង្កើនការអភិវឌ្ឍធនធានមនុស្ស និងផ្តល់វេទិកាមួយក្នុងការលើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ។
ក្នុងអំឡុងពេលនៃកម្មវិធី លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចែករំលែកនូវគតិបណ្ឌិត និងការជំរុញទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ លោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតព្រឹត្តិការណ៍នេះ គឺចង់ឱ្យបេក្ខជនដែលមានទេពកោសល្យទទួលបាននូវការយល់ដឹងអំពីទស្សនវិស័យការងារ បញ្ហាប្រឈម ការលើកទឹកចិត្ត និងការអភិវឌ្ឍអាជីពការងារ។
លោកបានបន្ថែមថា៖ «នេះគឺជាវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ហើយយើងមានមោទកភាពយ៉ាងខ្លាំងក្នុងការផ្តល់ឱកាសដល់បេក្ខជនដែលមានសក្ដានុពលទាំងអស់ក្នុងការចាប់យកតំណែងដែលពួកគេអាចបង្ហាញសមត្ថភាពយ៉ាងស្វាហាប់។»
សិក្ខាសាលាការងារ បានបញ្ចប់ទៅដោយជោគជ័យ។ បន្ទាប់ពីបានសរសើរដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលទាំងអស់ដែលបានជួយធ្វើឱ្យសិក្ខាសាលានេះកើតឡើង ក្រុមហ៊ុនមូលបត្រ ភីភី លីង បានប្រកាសថា ក្រុមហ៊ុននឹងបន្តនាំយកនូវអ្វីៗដែលខ្លួនមាន ដើម្បីពង្រឹងធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។