ក្រុមហ៊ុនមូលបត្រ ភីភី លីង បន្តសហការរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការយល់ដឹងអំពីការវិនិយោគហិរញ្ញវត្ថុ»
នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានបន្តសហការរៀបចំសិក្ខាសាលាស្ដីពី «សារៈសំខាន់នៃការស្វែងយល់អំពីការវិនិយោគផ្នែកហិរញ្ញវត្ថុ» ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការស្វែងយល់បន្ថែមអំពីការវិនិយោគតាមបែបបច្ចេកវិទ្យា ព្រមទាំងជួយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
សិក្ខាសាលាលើកនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក) សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល ដោយមានគោលបំណងដូចគ្នា ក្នុងការលើកកម្ពស់ការវិនិយោគហិរញ្ញវត្ថុ រួមទាំងការបង្ហាញពីអត្ថប្រយោជន៍ទីផ្សារ ផែនការយុទ្ធសាស្រ្ត និងការគ្រប់គ្រងហានិភ័យជាដើម។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងត្រូវបានផ្ដល់កិត្ដិយសចូលរួមដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក និង លោក គឹម វារ៉ា តំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយលោកទាំងពីរបានថ្លែងសុន្ទរកថាចែករំលែកនូវគតិបណ្ឌិតល្អៗជុំវិញប្រធានបទសិក្ខាសាលា និងបានបង្ហាញការកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងក្នុងការបង្កើតសិក្ខាសាលានេះឡើង បន្ទាប់ពីសិក្ខាសាលានៅសាកលវិទ្យាល័យធនធានមនុស្ស និងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប រួចមក។
សិក្ខាសាលានេះក៏មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ និងអ្នកដែលស្វែងរកចំណេះដឹងទីផ្សារបន្ថែមសម្រាប់ការវិនិយោគហិរញ្ញវត្ថុរបស់ពួកគាត់ និងមានវាគ្មិនជំនាញចំនួនពីររូបដែលបានឡើងបកស្រាយ។ ប្រធានបទទី១៖ «សារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុចំពោះវិស័យហិរញ្ញវត្ថុ» ត្រូវបានធ្វើបទបង្ហាញដោយលោក Naoto Arase ដែលជាប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង និង ប្រធានបទទី២៖ «ក្រុមហ៊ុនមូលបត្រ ភីភី លីង និងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើបទបង្ហាញដោយលោក ញឹម កុសល ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង។
តាមរយៈការធ្វើបទបង្ហាញទាំងពីរនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់ពីទិដ្ឋភាពមូលដ្ឋាននៃការវិនិយោគហិរញ្ញវត្ថុដែលមាននៅជុំវិញទីផ្សារកម្ពុជា និងពិភពលោក។ ជារួម ប្រធានបទទាំងពីរបានបង្ហាញថា ការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុ គឺជាកត្តាចាំបាច់មួយ។ មិនថាយើងមានអាជីព មុខជំនួញ ឬការងារក្នុងវិស័យណាមួយទេ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យយើងសម្រេចការងារទាំងនោះបានកាន់តែប្រសើរ។
ដោយយល់ឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់នៅក្នុងគ្រប់វិស័យ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល ក្រុមហ៊ុនមូលបត្រ ភីភី លីង មានសោមនស្សដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មនេះ។
ក្រុមហ៊ុនមូលបត្រ ភីភី លីង សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល និងការគាំទ្ររបស់ ន.ម.ក។ យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបម្រើជាប្រយោជន៍ដ៏ល្អមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។