ក្រុមហ៊ុន មូលបត្រ ភីភី លីង ចូលរួមជា «ក្រុមហ៊ុនឧបត្ថម្ភកម្រិតមាស» ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា២០២៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់កំណើនវិស័យមូលបត្រ
ជាមួយនឹងភាពជោគជ័យនៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ ឬ “My First Stock 2023” ក្រុមហ៊ុន មូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា ទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពីសេវាកម្មរបស់ក្រុមហ៊ុន និងការទាក់ទាញការចូលរួមកាន់តែសកម្មរបស់សាធារណជននៅក្នុងទីផ្សារមូលបត្រ។
ក្រោមគំនិតផ្តួចផ្តើម និងការរៀបចំរបស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដោយមានការគាំទ្រពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ពិព័រណ៍ឆ្នាំ២០២៣នេះ បានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដែលជាផ្សារទំនើបដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុង។
ព្រឹត្តិការណ៍ឆ្នាំនេះ គឺដើម្បីបន្ដបង្ហាញពីវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាជន ឱ្យទទួលបាននូវចំណេះដឹង និងឱកាសវិនិយោគកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រ ដែលជាប្រភពចំណូលផ្ទាល់ខ្លួនមួយ ក៏ដូចជាកត្ដារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
បន្ទាប់ពីការចូលរួមកាលពីឆ្នាំមុនក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភកម្រិតមាស ក្រុមហ៊ុន មូលបត្រ ភីភី លីង បានបន្ដចូលរួមក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភកម្រិតមាសដដែលក្នុងឆ្នាំនេះ ជាមួយនឹងការប្តេជ្ញាចិត្ត និងប្រសិទ្ធភាពការងារខ្ពស់ជាងមុន និងបានបង្កើតលទ្ធផលយ៉ាងល្អប្រសើរសម្រាប់ក្រុមហ៊ុន និងការចាប់អារម្មណ៍យ៉ាងផុសផុលពីសាធារណជន ។
ជាមួយនឹងគោលដៅបើកលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរជូនសាធារណជនដោយឥតគិតថ្លៃ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានជួយដល់ពួកគាត់រាប់រយនាក់ឱ្យទទួលបាននូវការផ្ដល់ជូនពិសេសនេះ ក្នុងអំឡុងពេល ៤ថ្ងៃនៃកម្មវិធី និងបានបន្តឈរជើងជាក្រុមហ៊ុនឈ្មួញជើងសាឆ្នើមបំផុត។
លោក ជា សុធា អភិបាលនៃក្រុមហ៊ុន មូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការបញ្ជាក់ការយល់ឃើញរបស់យើងថា លទ្ធផលដែលយើងទទួលបានក្នុងឆ្នាំនេះ និងឆ្នាំមុន បានបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍ និងចំណេះដឹងនៃការវិនិយោគមូលបត្ររបស់សាធារណជន។ ដូច្នេះ យើងសូមអរគុណសម្រាប់ការផ្សព្វផ្សាយឥតឈប់ឈរពីសំណាក់និយ័តករទីផ្សារ ប្រតិបត្តិករទីផ្សារ ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
បន្ថែមពីលើការសាទរចំពោះអនាគតនៃការវិនិយោគហិរញ្ញវត្ថុ ក្រុមហ៊ុន មូលបត្រ ភីភី លីង ក៏មានមោទកភាពលើការរួមចំណែករបស់ខ្លួនចំពោះសមិទ្ធផលរួមដែលសម្រេចបាន។
លោក ជា សុធា បានបន្តបង្ហាញចំណាប់អារម្មណ៍ថា៖ «យើងពិតជាមានអំណរគុណ និងពេញចិត្តនូវអ្វីដែលយើងបានរួមចំណែកដល់គោលដៅនៃព្រឹត្តិការណ៍នេះ។ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្មហិរញ្ញវត្ថុ ដូចជាការវិនិយោគភាគហ៊ុន និងសញ្ញាបណ្ណ គឺជាគោលដៅស្នូលរបស់យើង។ ដើម្បីសម្រេចវាបាន យើងបានជួបពិភាក្សា ប្រឹក្សាយោបល់ និងជួយសម្របសម្រួលយ៉ាងសកម្មដល់ភ្ញៀវទាំងអស់ដែលបានមកទស្សនាស្តង់របស់យើង»។
ក្រៅពីជួយដល់ភ្ញៀវទាំងឡាយឱ្យចុះឈ្មោះស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរដោយឥតគិតថ្លៃនៅក្នុងពិព័រណ៍ហើយ ក្រុមហ៊ុន មូលបត្រ ភីភី លីង មានប្រូម៉ូសិនរួមគ្នាជាមួយ ផ.ម.ក ដោយអនុញ្ញាតឱ្យមានអ្នកចូលរួមលេងហ្គេម និងឈ្នះភាគហ៊ុនរបស់ MJQE CGSM និង GTI។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន មូលបត្រ ភីភី លីង ក៏បានផ្ដល់វត្ថុអនុស្សាវរីយ៍ និងរង្វាន់ជាច្រើនទៀតសម្រាប់ការលេងហ្គេម។ កាន់តែពិសេស សម្រាប់អ្នកដែលបានបើកគណនីជួញដូរដោយជោគជ័យជាមួយក្រុមហ៊ុនក្នុងអំឡុងពេលនៃកម្មវិធី ក្រុមហ៊ុន មូលបត្រ ភីភី លីង បានផ្តល់ការបញ្ចុះតម្លៃលើកម្រៃជើងសាចំនួន ៥០% ចាប់ផ្តើមពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ចុងខែធ្នូ ឆ្នាំ២០២៣។
អភិបាលនៃក្រុមហ៊ុន មូលបត្រ ភីភី លីង បានពន្យល់ថា ការបញ្ចុះតម្លៃលើកម្រៃជើងសានេះ គឺដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចាប់ផ្ដើមបង្កើតប្រភពចំណូលបន្ថែម តាមរយៈការវិនិយោគប្រាក់របស់ពួកគាត់លើភាគហ៊ុននៃក្រុមហ៊ុនណាមួយដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រ។
ជារួម ក្រុមហ៊ុន មូលបត្រ ភីភី លីង សូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះនិយ័តករ ប្រតិបត្តិករ អតិថិជន និងអ្នកចូលរួមទាំងអស់ ដែលបានជឿទុកចិត្តលើក្រុមហ៊ុន ហើយបានសាមគ្គីគ្នាយ៉ាងល្អ ក្នុងការធ្វើឱ្យការតាំងពិព័រណ៍ឆ្នាំនេះទទួលបានជោគជ័យខ្លាំង។ ក្រុមហ៊ុន មូលបត្រ ភីភី លីង នឹងបន្ដចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយអំពីទីផ្សារនាពេលអនាគត ដើម្បីជាគុណប្រយោជន៍ដល់អតិថិជនរបស់ខ្លួន កំណើនសេដ្ឋកិច្ចជាតិ និងវិស័យហិរញ្ញវត្ថុនៅជុំវិញពិភពលោកផងដែរ។