ក្រុមហ៊ុនមូលបត្រ ភីភី លីង បន្តធ្វើសិក្ខាសាលាស្តីពី «ប្រភពចំណូលបន្ថែម» ជាលើកទី៥ ដើម្បីបំពេញគោលដៅហិរញ្ញវត្ថុរបស់សាធារណជន
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលាស្តីពី៖ «ប្រភពចំណូលបន្ថែម» ជាលើកទី៥ ដោយជោគជ័យ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឬ Cambodia-Korea Cooperation Center (CKCC) ក្នុងរាជធានីភ្នំពេញ។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីបន្តផ្តល់ឱ្យអ្នកចូលរួមនូវវិធីសាស្រ្ដថ្មីៗនៃការបង្កើតប្រភពចំណូលនៅក្នុងវិស័យហិរញ្ញវត្ថុ។
ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានរៀបចំសិក្ខាសាលា និងព្រឹត្តិការណ៍ជាច្រើន សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្មែរ។ សិក្ខាសាលា និងព្រឹត្តិការណ៍ទាំងនោះរួមមាន៖ កម្មវិធីជួបជុំបង្កើនជំនាញវិនិយោគ សិក្ខាសាលាស្តីពីឱកាសវិនិយោគនិងការងារ យុទ្ធនាការសិក្ខាសាលាអប់រំតាមបណ្ដាខេត្ត វគ្គបណ្ដុះបណ្ដាលជំរុញទឹកចិត្តនិងប្រសិទ្ធភាព ការចូលរួមពិព័រណ៍ហិរញ្ញវត្ថុអន្តរជាតិ និងការផ្សព្វផ្សាយផ្សេងៗទៀតអំពីទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ នៅមានកម្មវិធីជាច្រើនទៀត ដែលកំពុងត្រូវបានត្រៀមរៀបចំសម្រាប់ឆ្នាំនេះ។
ថ្មីៗនេះ សិក្ខាសាលាក្រោមប្រធានបទ៖ «ប្រភពចំណូលបន្ថែម» បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងខ្លាំង ព្រោះវាអនុញ្ញាតឱ្យពួកគាត់អាចសម្រេចគោលដៅហិរញ្ញវត្ថុដែលល្អប្រសើរជាងមុន។ មុនសិក្ខាសាលាថ្ងៃទី២៤ ខែវិច្ឆិកានេះ សិក្ខាសាលាចំនួនបួន ក្រោមប្រធានបទដូចគ្នានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែតុលា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឬ Cambodia-Japan Cooperation Center (CJCC) កាលពីថ្ងៃទី២៨ ខែតុលា នៅ CKCC និងកាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅ CJCC។
លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «ដោយមានតម្រូវការ និងការស្នើសុំឱ្យមានការរៀបចំសិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះ ក៏ដូចជាសម្រាប់ការបំពេញបេសកកម្មរបស់ក្រុមហ៊ុនក្នុងដំណើរអភិវឌ្ឍប្រកបដោយចីរភាព យើងមានសេចក្ដីរីករាយក្នុងការបន្តបង្កើត និងផ្ដល់ជូននូវគុណប្រយោជន៍ ដែលអាចបម្រើដល់ផែនការហិរញ្ញវត្ថុរបស់អតិថិជនគោលដៅ វិស័យការងារ និងសេដ្ឋកិច្ចជាតិជារួម»។
លោកបានបន្ថែមទៀតថា៖ «ជាមួយនឹងសិក្ខាសាលារបស់ក្រុមហ៊ុនយើង អ្នកចូលរួមអាចស្វែងយល់អំពីវិធីសាស្ត្របង្កើតចំណូលបន្ថែមកាន់តែងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កាន់តែពិសេស ឱកាសបង្កើតប្រភពចំណូលនេះ ត្រូវបានត្រួសត្រាយផ្លូវដោយក្រុមហ៊ុនមូលបត្រ ភីភី លីង និងត្រូវបានការពារដោយច្បាប់ផងដែរ»។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនមក ក្រុមហ៊ុនមូលបត្រ ភីភី លីង បានជម្នះគ្រប់កាលៈទេសៈទាំងអស់ ក្នុងការបន្ដផ្ដល់ជូនវេទិកាអប់រំជាច្រើន និងឱកាសវិនិយោគរាប់មិនអស់ សម្រាប់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
ដោយប្រកាន់ខ្ជាប់នូវជំហរនេះ លោក ទុំ សុធឿន និងលោក ភួង រដ្ឋា ដែលជាអ្នកតំណាងក្រុមហ៊ុនមូលបត្រ ភីភី លីង នៅក្នុងកម្មវិធីសិក្ខាសាលានាថ្ងៃទី២៤ ខែវិច្ឆិកានេះ បានធ្វើបទបង្ហាញលើប្រធានបទរៀងៗខ្លួន ទាក់ទងនឹងចំណេះដឹង បទពិសោធន៍ និងផលត្រឡប់ក្នុងការជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាការវិនិយោគលើផលិតផលហិរញ្ញវត្ថុផ្សេងទៀត។
ជារួម ក្រុមហ៊ុនមូលបត្រ ភីភី លីង បានទទួលជោគជ័យក្នុងការរៀបចំសិក្ខាសាលានេះ ដែលជាគុណតម្លៃដល់អតិថិជន កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍហិរញ្ញវត្ថុសកលផងដែរ។