សេចក្តីជូនដំណឹងស្តីពីការបដិសេធចំពោះគណនីផ្សព្វផ្សាយសង្គមក្លែងក្លាយ និង ការប្រើប្រាស់ឈ្មោះនិងរូបភាពដោយគ្មានការអនុញ្ញាត
ថ្មីៗនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានសង្កេតឃើញថា គណនី Telegram (Group) ក្លែងក្លាយថ្មីមួយបាននិងកំពុងប្រើប្រាស់ឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេស (PP Link Securities) និង បានប្រើឈ្មោះ និងរូបបុគ្គលិកក្រុមហ៊ុនរបស់យើង ដែលមានថាឈ្មោះថា Chheang Vireak (ដូចបង្ហាញក្នុងរូប) ធ្វើជាអ្នកបង្កើត និងគ្រប់គ្រងគណនី Telegram នោះ។ ដូច្នេះ សូមបញ្ជាក់ជូនថា នោះគឺជាគណនីក្លែងក្លាយ។
ឆ្លៀតក្នុងឱកាសនេះ ដើម្បីបញ្ចៀសការពាក់ព័ន្ធនឹងគណនី ឬ បណ្តាញផ្សព្វផ្សាយសង្គមក្លែងក្លាយ ក្រុមហ៊ុនមូលបត្រ ភីភី លីង យើងខ្ញុំ សូមជម្រាបជូនដល់សាធារណជនជាថ្មីម្តងទៀតថា គណនី ឬបណ្តាញផ្សព្វផ្សាយសង្គមពិតរបស់ក្រុមហ៊ុនយើង គឺមានឈ្មោះ (Name) និង ឈ្មោះអ្នកបង្កើត (Username) ដូចក្នុងរូបភាពដែលបានភ្ជាប់ខាងក្រោមតែប៉ុណ្ណោះ។
ដូច្នេះ គណនីផ្សេងដែលមាន Name និង Username មិនដូចគ្នានឹងអ្វីដែលបានបង្ហាញ គឺមិនមែនជាគណនីពិតរបស់ក្រុមហ៊ុនយើងទេ។
លើសពីនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង គោរពយ៉ាងតឹងរឹងទៅនឹងបទប្បញ្ញត្តិ និងច្បាប់របស់និយ័តករមូលបត្រកម្ពុជា។ ក្នុងនោះដែរ គ្មានបុគ្គលិក ឬអ្នកគ្រប់គ្រងណាម្នាក់អាចទទួលយកប្រាក់ (ដើមទុនវិនិយោគ) ពីអតិថិជនដោយខ្លួនឯងផ្ទាល់ សម្រាប់គោលបំណងវិនិយោគនោះទេ។
ដូច្នេះហើយ ប្រសិនបើបុគ្គលណាម្នាក់ (ដែលអាចប្រើឈ្មោះបុគ្គលិក ឬអ្នកគ្រប់គ្រងពីក្រុមហ៊ុនយើង) ស្នើ ឬបញ្ចុះបញ្ចូលឱ្យអ្នកផ្ញើប្រាក់ឱ្យពួកគេដើម្បីវិនិយោគ នោះមានន័យថា ពួកគេមិនស្ថិតនៅក្រោមក្រុមហ៊ុនមូលបត្រ ភីភី លីង នោះឡើយ។
ដើម្បីការពារសាធារណជនពីការចាញ់បោកបន្ថែមទៀត ក្រុមហ៊ុនមិនត្រឹមតែអំពាវនាវឱ្យមានកិច្ចសហការពីសាធារណជនក្នុងការរាយការណ៍ពីករណីសង្ស័យ ទាក់ទងនឹងការក្លែងបន្លំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចាត់វិធានការតាមផ្លូវច្បាប់ក្នុងការស៊ើបអង្កេតករណីនេះ ដោយ សហការជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ហានេះឱ្យទាន់ពេល និងអស់ពីលទ្ធភាព។


