
ក្រុមហ៊ុនមូលបត្រ ភីភី លីង និង ន.ម.ក រៀបចំសិក្ខាសាលាស្តីការឈ្វេងយល់ និងការវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជា
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានកិត្តិយស ដោយបានចូលរួមសហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការឈ្វេងយល់ និងការវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជា” នៅសាកលវិទ្យាល័យ បៀល ប្រាយ សាខា ខេត្តសៀមរាប។
ដំណើរសិក្ខាសាលាអប់រំដ៏សំខាន់នេះត្រូវបានប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក និងលោក នួន រចនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ បៀល ប្រាយ សាខា ខេត្តសៀមរាប។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទ ដែលជាប្រភេទវិនិយោគដែលមានសក្តានុពល ភាពបទបែន និងភាពងាយស្រួលជាមួយសុវត្ថិភាពខ្ពស់ និងដើម្បីអនុញ្ញាតឱ្យភ្ញៀវកិត្តិយសអាចចាប់ផ្តើមវិនិយោគជាមួយការប្រឹក្សាយោបល់ពីអ្នកជំនាញ ខណ:ដែលសិស្សានុសិស្សអាចស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការវិនិយោគទីផ្សារហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាធិការបស់ពួកគាត់។
ជាគុណតម្លៃបន្ថែមទៅលើប្រធានបទគោល វាគ្មិនជំនាញចំនួនពីររូបពីក្រុមហ៊ុនមូលបត្រ ភីភី លីង គឺលោក ឡុង សំណាង និងលោក ឈា ឆាយហេង បានធ្វើបទបង្ហាញអំពីវិធីសាស្ត្រ និងឱកាសវិនិយោគល្អៗទៅដល់អង្គពិធីទាំងមូល។
ជាកិច្ចបញ្ចប់ ក្រុមហ៊ុនមូលបត្រ ភីភី លីង សូមថ្លែងអំណរអរគុណសម្រាប់កិច្ចសហការជាមួយ ន.ម.ក និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការបន្តការខិតខំក្នុងការផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចបុគ្គល និងសេដ្ឋកិច្ចជាតិជារួម។