ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមពិព័រណ៍មុខរបរ ឆ្នាំ២០២៣ ដើម្បីចែករំលែកចំណេះដឹងផ្នែកមូលបត្រ និងពង្រីកឱកាសវិនិយោគសម្រាប់សាធារណជន
បន្ទាប់ពីការចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍ទីផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ ឬ “My First Stock 2023” ដែលត្រូវបានរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុង «ពិព័រណ៍មុខរបរ ឆ្នាំ២០២៣» និងទទួលបានផ្លែផ្កាជាទីគាប់ចិត្ដ ក្នុងការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រ និងឱកាសវិនិយោគហិរញ្ញវត្ថុទាំងនៅក្នុងស្រុក និងអន្ដរជាតិ។
ពិព័រណ៍មុខរបរឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការរៀបចំដោយក្រុមហ៊ុន បក្សីមេឌា (Business Cambodia) ដែលជាក្រុមហ៊ុនព័ត៌មានអនឡាញដ៏ពេញនិយមបំផុតមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ របៀបវារៈសំខាន់ៗនៃកម្មវិធីនេះរួមមាន៖ ការចែករំលែកចំណេះដឹងនិងវិធីសាស្រ្តក្នុងការចាប់ផ្ដើមអាជីវកម្ម ការបង្កើតបណ្តាញទំនាក់ទំនង ការផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ និងការកម្សាន្ត។ ជាលទ្ធផល ពិព័រណ៍នេះបានទាក់ទាញអ្នកមកទស្សនាជាង ៣៥០០០នាក់ និងបានអនុញ្ញាតឱ្យពួកគាត់ស្វែងយល់ពីគំនិតអាជីវកម្មថ្មីៗ ចំណេះដឹង បទពិសោធន៍ ការផ្សព្វផ្សាយផលិតផល ការលក់ បណ្តាញអាជីវកម្ម និងឱកាសការងារផងដែរ។
ស្របតាមវត្ថុបំណងនៃព្រឹត្តិការណ៍នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង មិននឿយហត់ក្នុងការចូលរួម និងបានដាក់បង្ហាញស្តង់របស់ខ្លួន ដើម្បីផ្តល់នូវការបើកលេខអត្ដសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ សម្រាប់ការទិញភាគហ៊ុនក្នុងស្រុក។ ទន្ទឹមនឹងនេះ ពួកគាត់ក៏មានឱកាសចាប់ឆ្នោត ដើម្បីទទួលបានភាគហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) ឬ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CGSM)។
សម្រាប់ជាការធ្វើពិពិធកម្មផលប័ត្រវិនិយោគបន្ថែម ក្រុមការងារជំនាញរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏បានផ្តល់ការប្រឹក្សាយោបល់ទៅលើទីផ្សារឧបករណ៍និស្សន្ទ ដែលវិនិយោគិនអាចជួញដូរផលិតផលហិរញ្ញវត្ថុសកលដូចជា៖ ភាគហ៊ុន ផលិតផលកសិកម្ម លោហធាតុមានតម្លៃ (មាស និងប្រាក់) និងគូរូបិយប័ណ្ណអន្ដរជាតិជាច្រើនទៀត។
លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់ខ្ញុំ ផ្សារភាគហ៊ុននៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មឯកជន និងសាធារណជនកាន់តែច្រើន។ សម្រាប់ទីផ្សារហិរញ្ញវត្ថុអន្ដរជាតិវិញ វាក៏បានចូលរួមយ៉ាងសកម្មក្នុងចរន្ដសេដ្ឋកិច្ចជាតិ តាមរយៈកំណើនប្រតិបត្ដិការជួញដូរពីមួយឆ្នាំទៅមួយឆ្នាំ»។
លោកបានបន្ដទៀតថា៖ «ដូច្នេះ ការចាប់យកឱកាសវិនិយោគហិរញ្ញវត្ថុនឹងជួយឱ្យលោកអ្នកទទួលបានទាំងចំណេះដឹង និងកំណើនដើមទុន ពីព្រោះនៅពេលអ្នកបើកគណនីជួញដូរ អ្នកនឹងមានការតាំងចិត្តខ្ពស់ ឬ ចង់យល់ដឹងពីទីផ្សារកាន់តែស៊ីជម្រៅ ហើយនៅពេលដែលអ្នកមានចំណេះដឹងសមរម្យ អ្នកនឹងអាចបង្កើតផលចំណេញជាអតិបរមាពីផែនការវិនិយោគរបស់អ្នក»។
ក្នុងវគ្គចែករំលែកនៃកម្មវិធី លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចែករំលែកការយល់ដឹងរបស់គាត់អំពីរបៀបដែលវិនិយោគិនសក្តានុពល រួមទាំងយុវជន អាចប្រែក្លាយខ្លួនទៅជាវិនិយោគិន ឬយ៉ាងហោចណាស់អនុញ្ញាតឱ្យពួកគាត់ផ្ទាល់ ទទួលបានបទពិសោធន៍ពីបរិយាកាសវិនិយោគ ដែលពួកគាត់អាចចាប់ផ្តើមរៀនសូត្រ និងរីកចម្រើនទាំងជំនាញ និងហិរញ្ញវត្ថុ។
លោក ឡុង សំណាង បានបន្ថែមទៀតថា៖ «រឿងសំខាន់ដំបូង គឺត្រូវហ៊ានឱ្យខ្លួនយើងផ្ទាល់បោះជំហានចូលរួមក្នុងទីផ្សារមួយនេះសិន ហើយព្យាយាមសិក្សាពីវាឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីជោគជ័យ។ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្នកចូលរួមជាច្រើន បានបោះជំហានទៅមុខ ហើយយើងបានជួយប្រឹក្សាយោបល់ និងបើកលេខអត្ដសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃដល់ពួកគាត់ផងដែរ»។
ក្រុមហ៊ុនមូលបត្រ ភីភី លីង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះប្រកបដោយផ្លែផ្កា ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការបន្តចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗនាពេលអនាគត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា