នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមបរិច្ចាគឈាមម្ដងទៀត ក្នុងកម្មវិធីបរិច្ចាគឈាមលើកទី៤ ក្រោមប្រធានបទ «ផ្ដល់ឈាមសង្រ្គោះជីវិត» ដែលត្រូវបានសហការរៀបចំដោយអង្គការ សប្បុរសធម៌ ហ្គោលដិន និង មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមនេះ ដើម្បីបង្ហាញនូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ក៏ដូចជាការយល់ពីអារម្មណ៍របស់អ្នកដែលត្រូវការការផ្គត់ផ្គង់ឈាម។
លោក ជា សុធា ដែលជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌នេះផងដែរ និងបានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ថា៖ «មានករណីធ្ងន់ធ្ងរជាច្រើន ដូចជាស្ត្រីមានផលវិបាកក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាលកូន កុមារដែលមានជំងឺស្លេកស្លាំងធ្ងន់ធ្ងរ ជនរងគ្រោះដោយសារឧបទ្ទវហេតុ និងអ្នកជំងឺវះកាត់និងមហារីក ដែលតម្រូវឱ្យពួកគាត់ទាំងអស់នេះត្រូវការឈាមដើម្បីបន្តជីវិត។ ដូច្នេះ ឈាមជាអំណោយដ៏មានតម្លៃបំផុតដែលយើងអាចផ្តល់ឱ្យនរណាម្នាក់ ពីព្រោះវាគឺជាអំណោយនៃជីវិត។ ដូចនេះហើយ យើងបាននិងបន្តធ្វើការបរិច្ចាគឈាមជាប្រចាំ»។
ក្រៅពីការបរិច្ចាគឈាម ក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏បានប្តេជ្ញាចិត្តចំពោះការងារសង្គមផ្សេងៗទៀត រួមទាំងការចែកសម្ភារៈសិក្សា បទពិសោធន៍និងការតម្រង់ទិសការងារនាពេលអនាគតដល់សិស្សានុសិស្ស ការរើសសំរាមដើម្បីសម្អាតទីសាធារណៈ និងការឧបត្ថម្ភសម្ភារៈដូចជា៖ ម៉ាស់ និងទឹកសម្លាប់មេរោគ ក្នុងគ្រាដែលមានតម្រូវការផងដែរ។