វាជារឿងធម្មតាទេ ដែលវិនិយោគិនថ្មីថ្មោង អាចជួបប្រទះនូវបញ្ហាប្រឈមមួយចំនួននៅពេលចាប់ផ្ដើមដំណើរវិនិយោគរបស់ខ្លួន។ ដូច្នេះ ដើម្បីជួយឱ្យការចាប់ផ្ដើមនៃការវិនិយោគរបស់លោកអ្នកប្រកបដោយទំនុកចិត្ដ និងភាពឈ្លាសវៃ សូមប្រាកដថា អ្នកបានធ្វើរឿងខាងក្រោមនេះ៖
កំណត់គោលដៅវិនិយោគសមហេតុផល
មុនពេលអ្នកចាប់ផ្តើមវិនិយោគ អ្នកត្រូវកំណត់នូវអ្វីដែលអ្នកចង់ទទួលបានពីការខិតខំប្រឹងប្រែងរបស់អ្នកជាមុនសិន។ ការកំណត់គោលដៅនោះទៀតសោត គឺត្រូវសមស្របទៅនឹងកម្រិតប្រាក់ចំណូលបច្ចុប្បន្ន លទ្ធភាពប្រើប្រាស់ដើមទុន ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងកត្តាផ្សេងទៀតដែលជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចរបស់លោកអ្នក។
វាយតម្លៃជម្រើសវិនិយោគ
ការជ្រើសរើសប្រភេទនៃការវិនិយោគដែលសមស្របនឹងចំណេះដឹង លទ្ធភាពប្រើប្រាស់ដើមទុន កាលៈទេសៈសង្គម និងឱកាសទទួលផលចំណេញទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង គឺពិតជាមានសារៈសំខាន់ ព្រោះវាអាចជួយការពារ និងកាត់បន្ថយហានិភ័យដែលអាចកើតឡើងដោយប្រការណាមួយ។ ដូច្នេះ សូមស្វែងរកព័ត៌មានលម្អិតដែលអាចជួយអ្នកក្នុងការកំណត់ចំណុចខាងលើនេះជាមុនសិន មុននឹងចាប់ផ្ដើមវិនិយោគ។
ស្វែងរកអ្នកប្រឹក្សាយោបល់
ការស្វែងរកអ្នកជួយប្រឹក្សាយោបល់ មិនថាតែលើផ្នែកហិរញ្ញវត្ថុ ឬប្រភេទនៃការវិនិយោគនោះទេ គឺវាជារឿងចាំបាច់ដែលអ្នកគួរធ្វើ បន្ទាប់ពីការតាំងចិត្តចូលប្រឡូកក្នុងការវិនិយោគណាមួយ។ វាប្រាកដណាស់ថា មានរឿងជាច្រើនដែលអ្នកមិនបានដឹងស៊ីជម្រៅអំពីវិស័យដែលអ្នកចង់វិនិយោគជាមួយ។
ត្រួតពិនិត្យការវិនិយោគរបស់អ្នក
វាគឺជាកំហុសមូលដ្ឋានមួយក្នុងការវិនិយោគដោយមិនយកចិត្តទុកដាក់ទៅលើដំណើរការវិនិយោគជាប្រចាំ។ តាមរយៈការឃ្លាំមើលការវិនិយោគរបស់អ្នក វានឹងជួយឱ្យអ្នកមើលឃើញពីកំណើន និងការខាតបង់ដែលអាចអនុញ្ញាតឱ្យអ្នកកំណត់ពីសក្តានុពលនៃប្រាក់ចំណូលដែលអ្នកអាចរកបាន។
បន្ដសិក្សាលើការវិនិយោគរបស់អ្នក
ក្រៅពីការត្រួតពិនិត្យលើការវិនិយោគរបស់អ្នកជាប្រចាំហើយ អ្នកត្រូវបន្ដសិក្សាស្វែងយល់បន្ថែមទៀតនូវចំណេះដឹងថ្មីៗ និងក្តោបឱ្យបាននូវទំនោរទីផ្សារដើម្បីធានាថា អ្នកនៅតែអាចបន្ដការវិនិយោគដោយប្រសិទ្ធភាព និងបង្កើតឱកាសល្អជាបន្ដបន្ទាប់ទៀត។
សម្រេចចិត្តផ្អែកលើចំណេះដឹង
វាជារឿងល្អហើយដែលអ្នកត្រូវដុសខាត់ចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគរបស់អ្នក ហើយអ្នកក៏ត្រូវប្រើប្រាស់ចំណេះដឹងទាំងនោះដោយទំនុកចិត្ដ និងសម្រេចចិត្ដដោយពឹងផ្អែកទៅលើព័ត៌មានពិតជាក់ស្ដែងដែលអ្នកដឹង ជៀសជាងសម្រេចចិត្ដដោយប្រើអារម្មណ៍ និងការយល់ឃើញរបស់អ្នកដទៃទាំងស្រុង។