ការវិនិយោគភាគហ៊ុន គឺជាការជួញដូរទៅលើមូលបត្រកម្មសិទ្ធិដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមាមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។ ដូច្នេះ ដើម្បីឱ្យការវិនិយោគកាន់តែមានប្រសិទ្ធភាព វិនិយោគិនគួរតែស្វែងយល់ចំណុចសំខាន់ខាងក្រោមនេះសិន មុននឹងវិនិយោគទៅលើភាគហ៊ុននៃក្រុមហ៊ុនណាមួយ៖
សក្ដានុពលរបស់ក្រុមហ៊ុន
វិនិយោគិនគួរមើលទៅលើក្រុមហ៊ុនណាដែលមានកម្រិតសក្តានុពលខ្លាំងក្នុងការរីកចម្រើនក្នុងរយៈពេលយូរអង្វែង បូករួមទាំងសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារ និងលទ្ធភាពរកប្រាក់ចំណេញបានច្រើនរបស់ក្រុមហ៊ុន។
គុណភាពនៃប្រភេទអាជីវកម្ម
មុននឹងបណ្ដាក់ទុនទៅលើភាគហ៊ុននៃក្រុមហ៊ុនណាមួយ វិនិយោគិនគួរពិចារណាទៅលើគុណភាពនៃអាជីវកម្ម ដែលអាចវាស់ស្ទង់បានតាមរយៈសមាសភាពគណៈគ្រប់គ្រងក្រុមហ៊ុន អភិបាលកិច្ចសាជីវកម្ម លទ្ធផលរបាយការណ៍ហិរញ្ញវត្ថុ និងអនុបាតនានា។
តម្លៃទីផ្សាររបស់ភាគហ៊ុន
ម្យ៉ាងវិញទៀត វិនិយោគិនត្រូវមើលទៅលើអនុបាតថ្លៃធៀបនឹងចំណេញ (Price to Earning- P/E) និង អនុបាតថ្លៃធៀបនឹងទ្រព្យសុទ្ធ (Price to Book Value – P/B)។ បើអនុបាតទាំង ២ នេះទាបជាងគេ ធៀបទៅនឹងក្រុមហ៊ុនក្នុងវិស័យដូចគ្នា ឬទាបជាង ២០ នោះមានន័យថា ភាគហ៊ុននោះកំពុងមានទីផ្សារល្អសម្រាប់ជួញដូរ។
សន្ទនីយភាពរបស់ភាគហ៊ុន
វិនិយោគិនក៏គួរតែមើលទៅលើភាគហ៊ុនដែលមានសន្ទនីយភាពខ្ពស់ ដែលសំដៅទៅលើភាគហ៊ុនណាដែលអាចលក់ចេញបានឆាប់រហ័សនៅលើទីផ្សារ។ ទំហំជួញដូរកាន់តែខ្ពស់ បង្ហាញថាភាគហ៊ុននោះមានសន្ទនីយភាពកាន់តែខ្ពស់។
ទិន្នផលភាគលាភ
ចំណុចចុងក្រោយ វិនិយោគិនត្រូវមើលទៅលើទិន្នផលភាគលាភ (Dividend Yield) ដែលត្រូវបានប្រើប្រាស់ដើម្បីវាស់អំពីអត្រាចំណេញលើការវិនិយោគរបស់វិនិយោគិនដោយប្រើផលធៀបចំនួនភាគលាភក្នុង ១ ហ៊ុន និងថ្លៃភាគហ៊ុនបច្ចុប្បន្ននៅលើទីផ្សារ។