ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក
ការសង្ខេបអំពីអាជីវកម្ម
ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក ដែលមាននិមិត្ដសញ្ញា “PEPC” ក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ក្នុងនាមជាក្រុមហ៊ុនបច្ចេកទេសថាមពលអគ្គិសនី។ ក្រុមហ៊ុននេះកំពុងអនុវត្តសកម្មភាពលើការគូសប្លង់ លទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ប្រើប្រាស់នូវអនុស្ថានីយ៍មានតង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំង និងបណ្តាញបញ្ជូនអគ្គីសនីដែលមានតង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំង ក៏ដូចជាប្រព័ន្ធថាមពលខ្សែកាបក្រោមដីសម្រាប់ការបញ្ជូន និងការចែកចាយថាមពលអគ្គីសនី និងការជួញដូរបង្គុំនិងបរិក្ខារប្រព័ន្ធថាមពលដែលជាកម្មសិទ្ធិ និងមិនមែនកម្មសិទ្ធិ។
ក្រុមហ៊ុន ផេសថិក មានសមត្ថភាពគ្រប់គ្រងគម្រោង និងសេវាកម្មគ្រប់ប្រភេទនៅក្នុងវិស័យនេះ រាប់ចាប់ពីសម្ភារ និងឧបករណ៍ ការតខ្សែភ្លើង ការជួសជុលបង្គុំ ការភ្ជាប់ខ្សែកាបថាមពល និងការងាររួមសម្រាប់ការគ្រប់គ្រងគម្រោងទូទៅ។ ក្រៅពីនេះ ក្រុមហ៊ុន ផេសថិក ក៏ផ្តល់នូវសេវាកម្មគំរូ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) សម្រាប់ផ្នែកទ្រព្យបញ្ជូន និងគំរូ បង្កើត-ទទួលសិទ្ធិ-ប្រតិបត្តិការ (Build-Own-Operation) សម្រាប់ផ្នែករោងចក្រថាមពល។
ក្រុមហ៊ុន ផេសថិក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ PESTECH International Berhad (PIB) ដែលបានកសាងកេរិ៍្ដឈ្មោះរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងនៅទូទាំងពិភពលោក តាមរយៈការចុះបញ្ជីលក់មូលបត្រនៅលើទីផ្សារគោលរបស់ក្រុមហ៊ុន Bursa Malaysia Securities Berhad ឬផ្សារហ៊ុនម៉ាឡេស៊ី។
ចក្ខុវិស័យ
ក្រុមហ៊ុន ផេសថិក មានគោលដៅក្លាយជាក្រុមហ៊ុនជាទីទុកចិត្ត និងមានគុណតម្លៃបន្ថែមច្រើន ក្នុងនាមជាអ្នកសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីប្រកបដោយនិរន្តរភាព។
បេសកកម្ម
ក្រុមហ៊ុន ផេសថិក មានបេសកកម្មធានានូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងផ្តល់សេវាកម្មដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស ដើម្បីសម្រេចបាននូវលទ្ធផលអតិបរមាក្នុងរយៈពេលខ្លីបំផុត និងដើម្បីឱ្យដំណើរការល្អប្រសើរលើសពីតម្រូវការរបស់អតិថិជន ព្រមទាំងបន្ថែមគុណតម្លៃលើការវិនិយោគរបស់ពួកគាត់។