កំពង់ផែស្វយ័តភំ្នពេញ
ការសង្ខេបអំពីអាជីវកម្ម
កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលមាននិមិត្ដសញ្ញា (PPAP) នៅក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៥ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កំពង់ផែស្វយ័តភ្នំពេញ ជាកំពង់ផែស្វយ័តទឹកសាបអន្តរជាតិ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានចូលរួមចំណែកដោយការនាំចូល និងការនាំចេញ កំពង់ផែអន្ដរជាតិមួយនេះបានចូលរួម និងលើកកម្ពស់ការអភិវឌ្ឍរបស់ប្រទេសក្នុងការពង្រឹងការទទួលស្គាល់ កេរ្ដិ៍ឈ្មោះ និងការបោះជំហានទៅមុខប្រកបដោយចីរភាព។
ចាប់តាំងពីការបង្កើតឡើងមក វិសាលភាពអាជីវកម្មនៃកំពង់ផែស្វយ័តភ្នំពេញ គ្របដណ្ដប់លើខេត្តមួយចំនួននៅតាមដងទន្លេមេគង្គ ហើយភ្ជាប់ទៅចំណតផែផ្សារក្រោមស្ថិតក្នុងខេត្តកំពង់ឆ្នាំង ចំណតផែចុងឃ្នាសស្ថិតក្នុងខេត្តសៀមរាប ចំណតផែទន្លេបិទស្ថិតក្នុងខេត្តត្បូងឃ្មុំ ចំណតផែស្ទឹងត្រែងស្ថិតក្នុងខេត្តស្ទឹងត្រែង និងចំណតផែក្រចេះស្ថិតក្នុងខេត្តក្រចេះ។
ដោយមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ កំពង់ផែស្វយ័តភ្នំពេញ បានលើកឡើងពីគម្រោងផែនការរយៈពេលវែង ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៨ ដើម្បីបង្កើនសមត្ថភាពលើកដាក់ទំនិញ អភិវឌ្ឍចំណតផែឯកទេសសម្រាប់ការដឹកទំនិញក្នុងចំនួនច្រើន ធ្វើទំនើបកម្មចំណតផែទេសចរណ៍និងអ្នកដំណើរ អភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវបណ្ដាញនាវាចរណ៍។
ចក្ខុវិស័យ
កំពង់ផែស្វយ័តភ្នំពេញ មានចក្ខុវិស័យរក្សាភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងនាមជាតួអង្គចាំបាច់នៅក្នុងអាជីវកម្មដឹកជញ្ជូនតាមទន្លេមេគង្គ និងជាតំណភ្ជាប់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ដោយតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាជាមួយដៃគូបរទេសប្រកបដោយប្រសិទ្ធភាព។
បេសកកម្ម
កំពង់ផែស្វយ័តភ្នំពេញ មានបេសកកម្មគ្រប់គ្រង អភិវឌ្ឍ និងបញ្ជាគ្រឿងបរិក្ខារកំពង់ផែ ព្រមទាំងផ្ដល់សេវាកម្មស្នូលពាក់ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាពដល់ប្រទេសកម្ពុជា។