រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ការសង្ខេបអំពីអាជីវកម្ម
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មាននិមិត្ដសញ្ញា “PWSA” នៅក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៨៩៥ ដោយក្រុមហ៊ុនទឹក និងអគ្គីសនីឥណ្ឌូចិនរបស់បារាំងដែលមានឈ្មោះថា Compagnie des Eaux et Electricité de l’lndochine (CEEI) និងត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៥៩ ដោយព្រះរាជក្រឹត្យលេខ ១៦៤នស ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៦០។ សកម្មភាពអាជីវកម្មស្នូល គឺឆ្លើយតបទៅនឹងការផលិតទឹកស្អាត និងការផ្គត់ផ្គង់តាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ជាមួយនឹងភាពជឿនលឿន និងការពេញចិត្តរបស់អតិថិជន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយពង្រីកខ្លួនឆ្ពោះទៅរកការកែលម្អ និងការបង្កើតថ្មីនៃរោងចក្រផលិតទឹកស្អាត ព្រមទាំងបណ្តាញនិងសមត្ថភាពក្នុងការផ្គត់ផ្គង់ផងដែរ។
ចក្ខុវិស័យ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្តេជ្ញាចិត្តបន្តធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនមានការរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ការប្រឹក្សា និងជាអ្នកសម្របសម្រួល ដើម្បីជួយឱ្យប្រជាពលរដ្ឋដែលរស់នៅគ្រប់ខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅទូទាំងពិភពលោក មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។
បេសកកម្ម
បេសកកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសបា្តហ៍ ជាមួយនឹងសម្ពាធទឹកគ្រប់គ្រាន់ និងមានតម្លៃសមរម្យជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ និងនៅទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋក្រីក្រឡើយ។ លើសពីនេះទៅទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួនដល់បណ្តារដ្ឋាករទឹកនៃខេត្ត-ក្រុងមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាអង្គភាពទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោក។