យើងបានបន្តបេសកកម្មពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងមហាសន្និបាតទូទៅឆ្នាំ ២០២៦ របស់សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា
កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុង «មហាសន្និបាតទូទៅឆ្នាំ ២០២៦» ដែលត្រូវបានរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) សហការជាមួយ សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា (ស.ឈ.ឧ.ក.) នៅឯភោជនីយដ្ឋាន Lao Ti Fang។
អង្គមហាសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុប និងរំលេចនូវសមិទ្ធផលការងារ ព្រមទាំងសកម្មភាពសំខាន់ៗដែលសមាគមសម្រេចបានក្នុងឆ្នាំ ២០២៥ កន្លងមក ព្រមទាំងផ្លាស់ប្តូរយោបល់ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្នុងនាមជាសមាជិកដ៏សកម្មមួយរូប ក្រុមហ៊ុនមូលបត្រ ភីភី លីង មានមោទនភាពយ៉ាងក្រៃលែងក្នុងការបានជួបជុំជាមួយបណ្តាសមាជិកទាំងអស់ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។




