ធនាគារ អេស៊ីលីដា ភីអិលស៊ី
ការសង្ខេបអំពីអាជីវកម្ម
ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ នៅក្រោមគម្រោងរបស់អង្គការពលកម្មអន្តរជាតិ (the International Labour Organization) នៅកម្ពុជា។ ធនាគារ អេស៊ីលីដា បានឆ្លងកាត់ការអភិវឌ្ឍឥតឈប់ឈរ និងបានប្រែខ្លួនជាធនាគារពាណិជ្ជឈានមុខគេ ដែលមានប្រាក់កម្ចីសរុប និងបណ្តាញប្រតិបត្ដិការចែកចាយច្រើនជាងគេបង្អស់នៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ ក្រៅពីការពង្រីកខ្លួនក្នុងស្រុក ធនាគារ អេស៊ីលីដា ក៏បានពង្រីកសាខា និងប្រតិបត្ដិការរបស់ខ្លួនដោយជោគជ័យនៅតាមបណ្ដាប្រទេសជិតខាង រួមទាំងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងនាមជាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
អតិថិជនភាគច្រើន គឺជាបុគ្គល អាជីវកម្មខ្នាតតូចបំផុត អាជីវកម្មខ្នាតតូច និងអាជីវកម្មខ្នាតមធ្យម ខណៈផលិតផលសេវាកម្មរួមមាន៖ សេវាបញ្ញើ សេវាកម្ចី និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដូចជា៖ សេវាផ្ទេរប្រាក់ សេវាគ្រប់គ្រងសាច់ប្រាក់ សេវាហិរញ្ញប្បទានវិនិយោគ សេវាភតិសន្យាហិរញ្ញវត្ថុ សេវារៀបចំធានារ៉ាប់រង និងសេវាធនាគារតាមអ៊ិនធើណេត។
ក្រៅពីសមិទ្ធផលទាំងនេះ ធនាគារ អេស៊ីលីដា ក៏ជាធនាគារដំបូងគេនៅកម្ពុជាដែលទទួលបានការវាយតម្លៃដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor’s និង GIIRS ។ លើសពីនេះទៅទៀត ធនាគារ អេស៊ីលីដា ក៏បានចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ។
ចក្ខុវិស័យ
ធនាគារ អេស៊ីលីដា មានចក្ខុវិស័យគ្រងតំណែងជាធនាគារពាណិជ្ជនាំមុខគេក្នុងប្រទេសកម្ពុជា ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុល្អជាងគេដល់សាធារណជននៅគ្រប់មជ្ឈដ្ឋានទាំងអស់។
បេសកកម្ម
ធនាគារ អេស៊ីលីដា ផ្តល់ឱ្យសហគ្រិនខ្នាតតូចបំផុត សហគ្រិនខ្នាតតូច និងសហគ្រិនខ្នាតមធ្យម នូវលទ្ធភាពក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពបំផុត ដើម្បីលើកស្ទួយគុណភាពនៃការរស់នៅ។ តាមរយៈការសម្រេចគោលដៅនេះ ធនាគារនឹងធានានូវនិរន្តរភាព និងបង្កើនអត្ថប្រយោជន៍ជូនភាគហ៊ុនិក បុគ្គលិកនិយោជិត ព្រមទាំងសហគមន៍ទាំងមូល។ ធនាគារ អេស៊ីលីដា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ ក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ និងបរិស្ថានក្នុងកម្រិតខ្ពស់បំផុត។