កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ការសង្ខេបអំពីអាជីវកម្ម
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) ដែលមាននិមិត្ដសញ្ញា “PAS” ក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៦ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែស្វយ័តសមុទ្រទឹកជ្រៅតែមួយគត់ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ ដោយសារសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មនាំចូលនិងនាំចេញ វាពិតជាសំខាន់ណាស់សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងការពង្រីកផ្លូវទឹកទាំងក្នុងប្រទេស និងក្រៅប្រទេស។ ទន្ទឹមនឹងនេះដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ជាមជ្ឈមណ្ឌលចែកចាយ និងផ្គត់ផ្គង់ទំនិញ ដែលប្រមូលផ្តុំដោយប្រព័ន្ធដឹកជញ្ជូនចម្រុះ និងតភ្ជាប់ដោយផ្ទាល់ទៅរាជធានីភ្នំពេញតាមរយៈអាកាសយានដ្ឋានខេត្តព្រះសីហនុនិងភ្នំពេញ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវដែក។
សេវាកម្មដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើប្រតិបតិ្ដការរួមមាន៖ សេវាកម្មនាវាចរ សេវាលើកដាក់ទំនិញ សេវាស្តុកទំនិញ និងសេវាដឹកជញ្ជូន។ លើសពីនេះទៅទៀត កំពង់ផែក៏មានប្រតិបតិ្ដការក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលផ្តល់សេវាកម្មលើការជួលដីសម្រាប់រោងចក្រទៅដល់វិនិយោគិនដែលចាប់អារម្មណ៍។
ចក្ខុវិស័យ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចក្ខុវិស័យបំពេញកាតព្វកិច្ចជាកំពង់ផែ និងមជ្ឈមណ្ឌលចែកចាយឈានមុខគេនៅកម្ពុជា។
បេសកកម្ម
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធានាបំពេញតាមតម្រូវការរបស់អតិថិជន តាមរយៈការបង្កើនគុណភាពសេវាកម្ម ប្រតិបត្តិការឆាប់រហ័ស និងតម្លៃសមស្រប។