-
13-07-2022
មូលដ្ឋានគ្រឹះពីរដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃប្រេងឆៅ
តម្លៃប្រេងបានធ្លាក់ចុះ ខណៈពាណិជ្ជករបានកាត់បន្ថយតម្រូវការដោយសារតែហានិភ័យ ទៅលើការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសចិន។
តម្លៃប្រេងឆៅបានធ្លាក់ចុះជាង 10% ដែលវាជាលើកទីមួយចាប់តាំងពីដើមខែមេសារហូតដល់ក្រោម $95 ក្នុងមួយបារ៉ែលកាលពីថ្ងៃអង្គារ ហើយត្រូវបានបានជួញដូរនៅកម្រិតទាបកាលពីថ្ងៃពុធត្រឹម$93.50 ខណៈដែលករណីអ្នកឆ្លងកើនឡើងនៅក្នុងប្រទេសចិន និងការកើនឡើងទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីតម្រូវការ។
យោងតាមគេហទំព័រ rueter.com- ប្រទេសចិនបានរាយការណ៍ពីការឆ្លង COVID-19 ថ្មីចំនួន 424ករណី សម្រាប់ថ្ងៃទី 11 ខែកក្កដា ដែលក្នុងនោះ 107 មានរោគសញ្ញា និង 317 មិនមានរោគសញ្ញា។ គិតត្រឹមថ្ងៃចន្ទ ប្រទេសចិនបានបញ្ជាក់ពីករណីឆ្លងសរុបចំនួន 226,811 ដែលមានរោគសញ្ញា។
យោងតាមកាសែត Wall Street Journal កាលពីដើមសប្តាហ៍នេះ អាជ្ញាធរក្រុងសៀងហៃបានរាយការណ៍ពីការឆ្លងក្នុងស្រុកដំបូងរបស់ខ្លួននៃប្រភេទកូវីដ Omicron BA.5 ដែលជាករណីនាំចូល។ “ហានិភ័យនៃការឆ្លងក្នុងសហគមន៍នៅតែមានកម្រិតខ្ពស់ណាស់” នេះជាសម្តីអ្នកនាងZhao Dandan មន្ត្រីសុខាភិបាលក្រុងសៀងហៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ គាត់បានបន្ថែមទៀតថាការធ្វើតេស្តទ្រង់ទ្រាយធំចំនួនពីរដងផ្សេងទៀតទៅលើស្រុកជាងប្រាំបួនក្នុងរយៈពេលបីថ្ងៃនឹងចាប់ផ្តើមនៅថ្ងៃអង្គារ។
ប្រេងឆៅបានធ្លាក់ចុះចាប់តាំងពីដើមខែមិថុនា ដោយសារការកើនឡើងនៃការភ័យខ្លាចថា សហរដ្ឋអាមេរិកអាចនឹងត្រូវបានរុញចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលធនាគារកណ្តាលដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា។ អត្រាអតិផរណាប្រចាំឆ្នាំសម្រាប់សហរដ្ឋអាមេរិកគឺ 8.6% សម្រាប់រយៈពេល 12 ខែដែលបញ្ចប់ត្រឹមខែឧសភា ឆ្នាំ 2022 ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ 1981 ហើយបន្ទាប់ពីបានកើនឡើង 8.3% កាលពីមុន នេះបើយោងតាមទិន្នន័យរបស់ក្រសួងការងារសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅថ្ងៃទី 10 ខែមិថុនា។
ចាប់តាំងពីអតិផរណាកាន់តែអាក្រក់ទៅៗ មន្ត្រីរបស់ Fed កាលពីខែមុនបានយល់ស្របថា ពួកគេនឹងត្រូវដំឡើងអត្រាការប្រាក់ឱ្យលឿនជាងមុន និងដល់កម្រិតដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ បន្ទាប់ពីការដំឡើងអត្រាការប្រាក់របស់ Fed កាលពីខែមុន អត្រាមូលនិធិសហព័ន្ធគោលឥឡូវនេះស្ថិតនៅចន្លោះពី 1.5% ទៅ 1.75% ។ មន្ត្រីភាគច្រើននៅក្នុងកិច្ចប្រជុំរំពឹងថាអត្រានឹងកើនឡើងដល់ចន្លោះពី 3.5% ទៅ 4.5% នៅឆ្នាំក្រោយ ហើយយ៉ាងហោចណាស់ក៏ 3% រំពឹងទុកនៅឆ្នាំនេះ។
តាមការវិភាគបច្ចេកទេស តម្លៃប្រេងឆៅបានរកឃើញតម្លៃគាំទ្រក្នុងពេលវេលាប្រចាំថ្ងៃ (D1) ក្នុងរយៈពេល 200 ថ្ងៃការរម្កិលជាមធ្យមនៅតម្លៃ $93.50 ហើយប្រមូលផ្តុំការជួញដូរនៅជុំវិញ $95 ក្នុងមួយបារ៉ែលនៅថ្ងៃពុធនេះ ហើយដោយធ្វើតាមមូលដ្ឋានទាំងពីរខាងលើ វិនិយោគិនប្រេងអាចនឹងកំពុងរង់ចាំ លក់នៅពេលដែលតម្លៃកើនឡើងដល់កម្រិត $97.5 ដោយដាក់ការការពារនៅ $105 និងទទួលបានប្រាក់ចំណេញនៅ $89 ។
វិភាគដោយលោក៖ ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី
កំណត់ចំណាំ៖
ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធីឯ.ក.បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ទោះជាយ៉ាងណាក៏ដោយដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលាក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេសលោហៈធាតុមានតម្លៃនិងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធីឯ.ក.ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការផ្តល់យោបល់ការស្ទង់មតិនិងការទាក់ទាញវិនិយោគឡើយ។អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគភាពប្រែប្រួលនៃទីផ្សារវិនិយោគនិងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុនិងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគនិងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។